មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអំពាវនាវឱ្យប្រជាលរដ្ឋចូលរួមថែរក្សាសមិទ្ធផលនានានៅក្នុងខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែងបានអំពាវនាវឱ្យប្រជាលរដ្ឋចូលរួមថែរក្សាសមិទ្ធផលនានា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។សារអំពាវនាវនេះកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឱកាសឯកឧត្តមអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រាស់សមិទ្ធផលនានាតម្លៃរាប់ម៉ឺនដុល្លារដែលកសាងក្នុងឆ្នាំ២០២៤។
ដោយមានវត្តមានអភិបាលខេត្តស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា អញ្ជើញចូលរួមផង ពិសេសស្រុកសៀមប៉ាង ដែលជាស្រុកមួយមានព្រំប្រទល់ជាប់ប្រទេសឡាវ ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានគូសរំលេចថា ខេត្តស្ទឹងត្រែងនិយាយជារួម និងស្រុកសៀមប៉ាងនិយាយដោយឡែកមានការអភិវឌ្ឍជាបន្តបន្ទាប់ តាមគម្រោងផែនការរបស់ឃុំ-សង្កាត់ តាមថវិកាស្រុក និងថវិកាខេត្ត និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ ជាមួយនឹងការរក្សាបាននូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ទទួលបាននូវជោគជ័យជាច្រើន ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមថែរក្សានូវសមិទ្ធផលនានា ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក អាជ្ញាធរខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
លោក ផាន់ យុត អភិបាលស្រុកសៀមប៉ាងបានឱ្យដឹងថា សមិទ្ធផលនានាដែលរដ្ឋបាលស្រុកសម្រេចបានក្នុងឆ្នាំ២០២៤ និងសម្ពោធដាក់ឱ្យប្រើប្រាស់រួមមាន៖ ផ្លូវបេតុង ២ខ្សែ, ផ្លូវដី ៤ខ្សែ, លូបង្ហូរទឹកកខ្វក់,លូមកាត់ទទឹងថ្នល់៨កន្លែង, រ៉េហ្គា ២០កន្លែង, រង្វង់មូលស្រុក ១កន្លែង, ចាក់ដីរៀបចំច្រាំងទន្លេនិងដាក់ភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈ និងសមិទ្ធផលជាច្រើនទៀតនៅឃុំសេកុង ។សមិទ្ធផលទាំងនេះកសាងដោយថវិកាជាតិ រួមជាមួយថវិកាចូលរួមរបស់ប្រជាពលរដ្ឋដែលមានតម្លៃរាប់រយលានរៀល៕






ដោយ៖ ឡុង សំបូរ