វីតាល់ និងកាកបាទក្រហមកម្ពុជា សហការរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទៅដល់ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ មូលនិធិ២៥រៀល របស់វីតាល់ បានចូលរួមសហការជាមួយកាកបាទក្រហមកម្ពុជា រៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់ គុណភាព នៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ» ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។

ថ្លែងក្នុងពិធីនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានមានប្រសាសន៍ថា ការពង្រឹង និងបន្តអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលសាធារណៈ និងឯកជនប្រកបដោយការវិនិយោគលើធនធានមនុស្ស វិស័យសុខាភិបាល និងបច្ចេកវិទ្យាថ្មីៗ ជាគោលដៅសំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំសុខភាព ការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ ជាមួយគ្នានេះ លោកជំទាវបានថ្លែងអំណរគុណចំពោះមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅក្នុងការរៀបចំពិធី និងជួយសម្របសម្រួលផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ យ៉ាងសកម្ម ហើយជាពិសេសថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះនាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានរួមចំណែកយ៉ាងធំធេងជារឿយៗ ជាមួយកាកបាទក្រហមកម្ពុជា ជាក់ស្ដែងក្នុងការរៀបចំកម្មវិធីសំណេះសំណាល សួរសុខទុក្ខ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ នេះផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរៀបចំ អនុវត្តន៍ការងាររបស់មន្ទីរពេទ្យ ដែលបានផ្ដល់ជូននូវសេវាពិនិត្យសុខភាពជាប្រចាំ និងសេវាផ្តល់កំណើតជូនស្ត្រី រួមជាមួយសេវាតំហែទាំសុខភាពមាតា និងទារក បន្ទាប់ពីសម្រាលរួច ប្រកបដោយប្រសិទ្ធិភាព។ ព្រមទាំងបង្កើតនូវកម្មវិធីចែករំលែកចំណេះដឹង ក្នុងការលើកកម្ពស់សុខភាពរបស់ទារក និងកុមារតូចៗនៅកម្ពុជា ប្រកបដោយសុខុមាលភាពល្អ និងវិជ្ជាជីវៈខ្ពស់ ។ លោកជំទាវបន្តលើកទឹកចិត្តឱ្យអ្នកម្តាយគ្រប់រូប ទទួលទានចំណីអាហារដែលមានសារធាតុចិញ្ចឹមប្រកបដោយអនាម័យខ្ពស់ និងពិសាទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ ដើម្បីទ្រទ្រង់ជីវិត និងការលូតលាស់របស់ទារកឱ្យបានល្អប្រសើរ។ លោកជំទាវបន្ថែមថា ក្នុងនាមជាវិស័យឯកជន វីតាល់ជឿថា ការផ្តល់ជូនទៅដល់សង្គមតាមរយៈការផ្តល់ជំនួយឧបត្ថម្ភ និងចូលរួមចំណែកលើកិច្ចការសង្គមផ្សេងៗទោះក្នុងរូបភាពណាក៏ដោយ គឺជាការបង្កើតឱ្យមានវប្បធម៌ នៃការចែករំលែកដ៏ល្អមួយ។ តាមរយៈមូលនិធិ២៥រៀល វីតាល់បានតាំងចិត្ត ក្នុងការបន្តគាំទ្រ និងបង្កើតឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការងារសង្គមឱ្យកាន់តែទូលំទូលាយ ពិសេសលើសុខុមាលភាពសង្គម ដែលមាន សុខភាពមាតា ទារក និងកុមារ៕

អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner