រុស្ស៊ី និង អាមេរិក យល់ព្រមចរចាបិទបញ្ចប់ភ្លើងសង្គ្រាមអ៊ុយក្រែន
មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និយាយថា រុស្ស៊ី និងអាមេរិក បានព្រមព្រៀងគ្នាបង្កើតក្របខ័ណ្ឌមួយ ដើម្បីបោះជំហានឈានឆ្ពោះទៅពន្លត់ភ្លើងសង្គ្រាមអ៊ុយក្រែននាពេលឆាប់ៗខាងមុខនេះ។
សារព័ត៌មាន RT បានឲ្យដឹងថា ប្រមុខការទូតកំពូលរុស្ស៊ី និងអាមេរិក បានជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារ ដើម្បីរិះរកមធ្យោបាយស្តារទំនាក់ទំនងការទូត រៀបចំមូលដ្ឋានសម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ និងជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការដោះស្រាយបិទបញ្ចប់សង្គ្រាមអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ លោក Lavrov បានបញ្ជាក់ថា ជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីផ្តួចផ្តើមដំណើរការដោះស្រាយជម្លោះអ៊ុយក្រែន រុស្ស៊ីនឹងតែងតាំងតំណាងរបស់ខ្លួន នៅពេលដែលរុស្ស៊ីទទួលបានការបញ្ជាក់ពីអ្នកចរចាដែលបានកំណត់របស់អាមេរិក។
យ៉ាងណាមិញ ទាំងអ៊ុយក្រែន និងសហភាពអឺរ៉ុបមិនបានចូលរួមក្នុងកិច្ចប្រជុំខាងលើនេះទេ ដោយទីក្រុងគៀវបានប្រកាសក្តែងៗថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផលនៃកិច្ចពិភាក្សារវាងអាមេរិក និងរុស្ស៊ីនេះទេ លុះត្រាតែមានវត្តមានអ៊ុយក្រែនចូលរួមដែរ៕


ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា