អ្នកជំនាញផ្នែកអភិរក្សសត្វត្មាតប្រចាំទ្វីបអាស៊ី វាយតម្លៃថា វត្តមានសត្វត្មាតនៅកម្ពុជា ឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងគាប់ប្រសើរ
(ភ្នំពេញ)៖ លោកស្រី Jemima Parry-Jones ប្រធានសមាគមអភិរក្សសត្វត្មាត ពីការផុតពូជប្រចាំទ្វីបអាស៊ី ហៅកាត់ថា SAVE បានថ្លែងថា វត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងគាប់ប្រសើរ ខណៈប្រភេទសត្វស្លាបមួយនេះ មានវត្តមានចំនួនតិចតួចប៉ុណ្ណោះនៅលើពិភពលោក ។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី បានបញ្ជាក់ថា ចំនួនដ៏តិចតួចនេះ ក៏ឆ្លុះបញ្ចាំងពីស្ថានភាពរស់នៅ និងកិច្ចខិតខំការពាររបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក៏ដូចជាការយល់ដឹងរបស់ប្រជាពលរដ្ឋ។
លោកស្រី Jemima បញ្ជាក់ថា «សត្វត្មាត គឺសំខាន់ណាស់! កន្លងមកយើងហាក់មិនឱ្យតម្លៃដល់សត្វត្មាត ដោយសារពួកវាមានរូបរាងអាក្រក់ សត្វស៊ីចំណីមិនស្អាត។ ប៉ុន្តែសត្វត្មាត ជាសត្វដើរតួអង្គដ៏សំខាន់ក្នុងការសម្អាតបរិស្ថាន ធ្វើឱ្យបរិស្ថានមានភាពស្អាត និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគផ្សេងៗ ដែលការណ៍នេះយើងគួររួមគ្នាការពារ និងអភិរក្សសត្វត្មាតដែលនៅសេសសល់មិនច្រើននៅលើភពផែនដីនេះ»។
សត្វត្មាត ត្រូវបានចាត់ទុកជាតួអង្គដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាបរិស្ថាន ដោយសារវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជា ភ្នាក់ងារសម្អាតបរិស្ថាន និងនាំចំណូលសេដ្ឋកិច្ចជាតិ និងសហគមន៍ តាមរយៈភ្ញៀវទេសចរបង់កម្រៃចូលទស្សនានៅក្នុងតំបន់ធម្មជាតិ ដែលត្រូវបានការពារ ។ ប៉ុន្តែ ពួកវា ត្រូវបានរាយការណ៍ថា ប្រឈមមុខនឹងការគំរាមកំហែងសំខាន់ៗជាច្រើនរួមមាន៖ ការបាត់បង់ទីជម្រក ការពុល ថ្នាំពេទ្យសត្វ កង្វះអាហារ ។ ជាមួយគ្នានេះ បញ្ហាសេនេទិចចង្អៀត ក្នុងចំណោមសត្វត្មាតដែលអាចបន្តពូជបាន ត្រូវបានលើកឡើងជាការព្រួយបារម្ភទាក់ទងនឹងការខ្សោយរបស់វាក្នុងការប្រឆាំងនឹងជំងឺ និងបង្កឱ្យធ្លាក់ចុះនូវសត្ថភាពបង្កកំណើត។
លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា សត្វត្មាតនៅកម្ពុជាដែលប្រឈមគ្រោះថ្នាក់បំផុតនោះ គឺដោយសារថ្នាំបំពុលសត្វ ។
ការថ្លែងរបស់ លោក ធ្វើឡើងក្រោយកិច្ចប្រជុំប្រចាំឆ្នាំរបស់ SAVE មុនពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃប្រទេនៃប្រទេសមានវត្តមានសត្វត្មាតដូចជា កម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ក៏ដូចជាមានអ្នកជំនាញមកពីប្រទេសថៃ ដែលត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ ទៅកាន់តំបន់ការពារសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងការរៀបចំផែនការយុទ្ធសាស្រ្ត សំដៅធានាបាននូវអនាគតដ៏មានសុវត្ថិភាព សម្រាប់សត្វត្មាតដែលជិតផុតពូជ ។
លោកបានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសឥណ្ឌូចិន ដែលនៅមានសត្វត្មាតជិតផុតពូជចំនួនបីប្រភេទ គឺត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត។ ចំនួនប្រជាសាស្ត្រសត្វត្មាតនៅកម្ពុជាស្ថិតក្នុងស្ថានភាពថេរ ដោយតាមទិន្នន័យជំរឿនចុងក្រោយនេះចំនួនរបស់ពួកវាទាំងបីប្រភេទមានប្រហែល ១៣០ក្បាល ក្នុងនោះប្រភេទត្មាតភ្លើងមានចំនួន ១២ក្បាល, ត្មាតផេះចំនួន ៧៧ក្បាល, និងត្មាតត្នោតចំនួន ៤២ក្បាល ។
លោកបន្តថា សុវត្ថិភាពរបស់វត្តមានសត្វត្មាតនៅកម្ពុជា ឈានទៅរកភាពល្អប្រសើរ តាមរយៈការពារតំបន់ផ្តល់ជម្រក ប្រភពចំណី និងចំណេះដឹងរបស់ប្រជាសហគមន៍រស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ដូចជាការមិនប្រើថ្នាំបំពុលទៅលើសត្វ ដំណាំកសិកម្ម ការមិនដាក់អន្ទាក់ចាប់សត្វព្រៃ ជាដើម។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ពីការផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងការងារអភិរក្សសត្វត្មាតពីការផុតពូជ តាមរយៈការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និងរក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។ ការបញ្ជាកពីកិច្ចគាំទ្រនេះ ធ្វើឡើងនៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ SAVE ដឹកនាំដោយលោកស្រី Jemima Parry-Jones ក្នុងកិច្ចប្រជុំដ៏សំខាន់នេះ នៅក្នុងធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា សកម្មភាពទាំងនេះ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព៕






ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា