រាជរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ៤៦២,០០៣ដុល្លារអាមេរិក សម្រាប់វិស័យសុខាភិបាល និងសន្តិសុខសង្គមកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយ​ឥតសំ​ណង ជាទឹកប្រាក់ចំនួន ៤៦ម៉ឺន ២ពាន់ ៣ដុល្លារអាមេរិកដល់​កម្ពុជា ជួយដល់វិស័យសុខាភិបាល និងសន្តិសុខសង្គមកម្ពុជា នៃគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ ស្ថានទូតជប៉ុន ក្រោមការអញ្ជើញចូលរួមជាអធិបតី ដោយ ភាគីជប៉ុនគឺ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំនៅកម្ពុជា និងពីភាគីកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិ​បាល​រាជធានីភ្នំពេញ និងលោកស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅក្នុងពិធីចុះហត្ថលេខា​នោះបានថ្លែងថា ថវិការដែលកម្ពុជាទទួលបានទាំង ៤៦ម៉ឺន ២ពាន់ ៣ដុល្លារអាមេរិក ត្រូវបានបែងចែកជា ៣ផ្នែក រួមមាន ៖ ទី១ ថវិការចំនួន ៨ម៉ឺន ៣ពាន់ ៦៧២ដុល្លារអាមេរិក សម្រាប់​គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ខ្យល់របស់ជប៉ុន ជាឧបករណ៍ដែលបំពាក់ដោយកង្ហារធំ និងឧបករណ៍​បាញ់​ខ្យល់ ដែលនឹងជួយការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជា​ពល​រដ្ឋប្រមាណជិត ៣លាននាក់ ក្នុងរាជធានីភ្នំពេញ ដោយ​ការបាញ់ខ្យល់ចេញយ៉ាងសកម្មពីអាគារដែលមានអគ្គីភ័យ ។

ទី២ ថវិកាចំនួន ១៥ម៉ឺន ៤ពាន់ ៣៧៦ដុល្លាអាមេរិក សម្រាប់​គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជណ្តើរយន្តចំនួន១ និង​រថយន្ត​សង្គ្រោះអគ្គិភ័យចំនួន១ ដល់រដ្ឋបាលរាជធានី​ភ្នំ​ពេញ ដែលរថយន្តទាំងពីរគ្រឿងនេះ ត្រូវគេរំពឹងថា នឹងអាច​ជួយពន្លត់អគ្គិភ័យដែលកើតឡើងលើអគារមានខ្ពស់ៗ រហូត​ដល់ជាន់ទី១១ ឬក្នុងស្ថានភាពលំបាកផ្សេងទៀតបាន ។ និង​ទី​៣ ថវិការចំនួន ២២ម៉ឺន ៣ពាន់ ៩៥៥ដុល្លារអាមេរិក សម្រា​ប់​ «គម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុង​រាជ​ធានី​ភ្នំពេញ ។ បរិក្ខារថ្មីទាំងនេះ នឹងរួមចំណែកដល់ការធ្វើ​ឲ្យ​ប្រ​សើរ​ឡើងនូវគុណភាពនៃការវះកាត់ផ្នែកត្រចៀក ច្រមុះ បំពង់ក ដែលធ្វើរោគវិនិច្ឆ័យអ្នកជំងឺប្រមាណ ១ម៉ឺន ៤ពាន់​នាក់​ជារៀងរាល់ឆ្នាំ ។

ជប៉ុន ចាប់តាំងពីឆ្នាំ១៩៩១មក បានគាំទ្រដល់កិច្ចខិតខំប្រឹង​ប្រែង​របស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេស​ឡើងវិញ​នៅកម្រិតមូលដ្ឋាន ដែលក្នុងនោះបានផ្តល់ថវិការជាង ៧១​លា​ន​ដុល្លាអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅ​រដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៧០០​គម្រោង នៅទូទាំងប្រទេស ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner