កម្ពុជា-ឥណ្ឌា បង្ហាញជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការ​ទ្វេភាគី ផ្តោតលើវិស័យបរិស្ថាន

(ភ្នំពេញ)៖«ការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជានិងឥណ្ឌា ក្នុងការបន្ត​កិច្ច​សហប្រតិបត្តិការលើវិស័យបរិស្ថាន» គឺជាខ្លឹមសារចម្បង​នៃ​ជំនួបការទូតរវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រ​សួង​បរិស្ថាន និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។

តាមរយៈជំនួបដែលធ្វើឡើងនារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅទីស្តីការក្រសួងបរិស្ថាននេះដែរភាគី នៃប្រ​ទេស​ទាំងពីរ បានយល់ស្របជាមួយគ្នាថា ទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំង២ បានឆ្លុះបញ្ចាំងពីកិច្ចសហ​ប្រ​តិ​បត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌាចំពោះវិស័យបរិស្ថាន ក្នុង​កិច្ចគាំពារ ការការពារ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍ​សង្គម​ ។

ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន អំពីការនាំចូលសត្វខ្លាពីឥណ្ឌាមកកម្ពុជា ដែលជា​គម្រោងដ៏សំខាន់សម្រាប់ការអភិរក្សជីវចម្រុះ រួមនឹងការចូល​រួមជាសមាជិករបស់កម្ពុជាក្នុងសម្ព័ន្ធភាពអន្តរជាតិ (International Big Cat Alliance) រួមទាំង​គម្រោង​អភិវឌ្ឍ​ន៍​តូចៗ ជាច្រើនទៀត ដោយក្នុងនោះ ឯកអគ្គរដ្ឋទូតឥណ្ឌា បាន​លើកទឹកចិត្តឱ្យកម្ពុជាដាក់ស្នើគម្រោងឆ្លើយតបជាវិជ្ជមាន​ចំពោះប្រជាសហគមន៍មូលដ្ឋាន ហើយឥណ្ឌាបានត្រៀម​ខ្លួនរួច​ជា​ស្រេចក្នុងការគាំទ្រគម្រោងទាំងនោះ។ លើសពីនេះ ភាគីទាំង២ ក៏បានពិភាក្សាអំពីកម្មវិធីសហប្រតិបត្តិការ​បច្ចេក​ទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ដែលផ្តល់ឱកាសដល់​មន្ត្រី​រាជរដ្ឋាភិបាលកម្ពុជាទៅសិក្សានៅប្រទេសឥណ្ឌា។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងសាទរចំពោះប្រទេសឥណ្ឌា ដែល​បាន​រួមចំណែកជាមួយកម្ពុជាលើកកម្ពស់វិស័យបរិស្ថាន។ ឯក​ឧត្តមរដ្ឋមន្ត្រ បញ្ជាក់ថា ព្រៃគឺជាជម្រកសំខាន់សម្រាប់សត្វខ្លា ហើយដើម្បីពង្រីកវិសាលភាពព្រៃឈើឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០​ រាជរដ្ឋាភិបាលកម្ពុជានីតិកាល​ទី៧​នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រា​វិស័យ​បរិស្ថាន ដែលមានសសរស្តម្ភ៣ចម្បង គឺភាពស្អាត ភាពបៃ​តង និងចីរភាព។

គួរបញ្ជាក់ថាភាគីទាំងពីរបានឯកភាព និងប្តេជ្ញាចិត្តរួមគ្នា ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ក្នុងការលើកកម្ពស់វិស័យបរិស្ថានដើម្បីធានាឱ្យបាននូវការរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់ការការពារ អភិរក្សព្រៃ​ឈើ និងធនធានធម្មជាតិ តាមរយៈការ ផ្គត់ផ្គង់ម៉ាស៊ីនខួង​អណ្តូង នៅតាមលំនៅដ្ឋានរបស់ប្រជាសហគមន៍​ដែលរស់នៅ​ក្នុងតំបន់ការពារ ពីព្រោះថាជំនួយទាំងនេះ គឺពិតជាចំណែក​ដ៏សំខាន់​សម្រាប់ការអភិវឌ្ឍនៅក្នុងសហគមន៍​តំបន់ការពារ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner