រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ សមាគមពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានបំណងវិនិយោគដាំដើមអាកាស្យា និង​ស្វាយចន្ទី នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីក​រាយ​ចំពោះ លោក វ៉ាង តុង (WANG TONG) អគ្គលេខាធិការ នៃ​សមាគមជំរុញដល់ការលើក​កម្ពស់សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា-អាស៊ាន ដែលមាន​បំណងសហការចូលរួម​វិនិយោគ​ដាំដើមអាកាស្យា និង​ស្វាយ​ចន្ទី លើសម្បទានដីសេដ្ឋកិច្ច ដើម្បី​រួមចំណែកលើកស្ទួយ​វិស័យកសិកម្មនៅកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំទៅតំណាងសមាគមត្រូវរៀបចំ​ផែន​ការមេឱ្យបានច្បាស់លាស់ មានទុនវិនិយោគគ្រប់គ្រាន់ ព្រមទាំងមានធនធានមនុស្សដែលមានជំនាញកសិកម្ម ចេះ​បច្ចេកទេសកែច្នៃផលិតផលកសិកម្ម ដោយប្រមូលទិញ​វត្ថុ​ធាតុដើមពីប្រជាកសិករដែលមានស្រាប់ដូចជា ដើមអាកាស្យា ស្វាយចន្ទី និងដំឡូងមីជាដើម ដើម្បីយកទៅសម្ងួត កែច្នៃ និង​នាំចេញទៅទីផ្សារបានពិតប្រាកដ ដោយមិនប្រកួតប្រជែង​ការ​ដាំដុះជាមួយប្រជាកសិករឡើយ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សមាគម​អាចពិនិត្យលទ្ធភាពជ្រើសរើសពូជដំណាំប្លែកៗ ដែលប្រជា​ជន​កម្ពុជាមិនមានលទ្ធភាពដាំដូចជា ដំណាំសម្រាប់ផលិត​ជា​ថ្នាំចិន ដែលអាចមានភាពងាយស្រួលសម្រាប់សមាគម ក្នុង​ការ​នាំចេញទៅក្រៅប្រទេសទាំងបរិមាណ ទំហំ តម្លៃ និង​ទទួល​បានតម្លៃបន្ថែមខ្ពស់។

ការលើក​ឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈទទួលជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារ​ជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និង​​ពាណិជ្ជកម្មកម្ពុជា-អាស៊ាន នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម នឹងជួយ​គាំទ្រ​ផ្នែកបច្ចេកទេស និងបើកទ្វារទូលាយស្វាគមន៍​អ្នកវិនិ​យោគបរទេស និងដៃគូអភិវឌ្ឍន៍នានា ដើម្បីសហការ​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកស្ទួយវិស័យកសិកម្ម​ឱ្យកាន់​មានរីកចំរើន និងទទួលបានផលចំនេញទាំងអស់គ្នា៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner