ឯកឧត្តម ឈាង រ៉ា អំពាវនាវឱ្យ រាជធានី ខេត្ត ជំរុញការហាម ឃាត់ការជក់ ឬ បង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ដោយបិទស្លាកហាមជក់បារី
(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផល ថ្នាំជក់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខា ភិបាល នៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នាព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអំពាវនាវ ដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព ដោយ ៖
. រាជធានី ខេត្ត ជំរុញការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ បង្កើតទីក្រុង ស្រុក ឃុំ គ្មានផ្សែងផលិតផលថ្នាំជក់ ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ឱ្យកាន់តែទូលំទូលាយ ដោយបិទស្លាកហាមជក់បារីនៅតាមទីកន្លែងធ្វើការ និងទីកន្លែងសាធារណៈ និងអប់រំណែនាំអ្នកប្រើប្រាស់ បង្កើតជាបរិបទសង្គម ដែលគ្មានផ្សែងផលិតផលថ្នាំជក់។
. ជំរុញការទប់ស្កាត់ និងហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់គ្រប់ប្រភេទ ។
. តាមដានការអនុវត្តច្បាប់ និងពង្រឹងសមត្ថភាព ដំណើរការរបស់មន្ត្រីអធិការកិច្ចផលិតផលថ្នាំជក់ជាពិសេសក្នុងរាជធានីខេត្ត និងអប់រំអ្នកលក់ដូរចែកចាយ និងអនុវត្តវិធានការច្បាប់ ។
. តាមដាន ទប់ស្កាត់ការលក់ ចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមទីតាំងផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ។
. សមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័ន្ធពាក់ព័ន្ធត្រូវគោរពតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយមិនទទួលការឧបត្ថម្ភពីឧស្សាហកម្មថ្នាំជក់។
. រាជធានី ខេត្ត ត្រូវជំរុញការបង្កើតអនុគណៈកម្មាធិការត្រួតពិនិត្យផលិតថ្នាំជក់ថ្នាក់រាជធានី ខេត្ត ដើម្បីជំរុញការអនុវត្តច្បាប់ និងការអប់រំ កាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ។
. ជំរុញការប្រឹក្សាលះបង់ទម្លាប់ជក់បារីនៅតាមមណ្ឌលសុខភាព ដោយមានការជួយជំរុញពីមេភូមិ អាជ្ញាធរ ដែនដី ដើម្បីគាំទ្រអ្នកប្រើប្រាស់ផលិតផលថ្នាំ ជក់លះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ដើម្បីបង្ការជំងឺមិនឆ្លង។
ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីគោលបំណងអំពីកិច្ចប្រជុំនាពេលនេះ ដើម្បីធ្វើបច្ចុប្បន្នភាព ការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់សមាជិក គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងរៀបចំសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការកាត់បន្ថយហានិភ័យ នៃជំងឺមិនឆ្លង នៅកម្ពុជា ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដូចជា ការប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់យុវវ័យ និងជំងឺមហារីក ព្រមទាំងបណ្តាលឱ្យអ្នកប្រើប្រាស់ ងាយញៀនដោយសារធាតុញៀន ក៏អាចជាការបើកផ្លូវឱ្យយុវជនទៅប្រើប្រាស់ផលិតផលថ្នាំជក់ និងគ្រឿងញៀនផ្សេងទៀតផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ








