ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន អញ្ជើញពិនិត្យស្រូវប្រាំងនៅឃុំគោកបន្ទាយដែលកំពុងទទួលផលល្អ
កំពង់ឆ្នាំង៖ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ព្រមទាំងមន្រ្តីក្រុមការងារនៃមន្ទីរពាក់ព័ន្ធ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥បានអញ្ជើញពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវប្រាំងនិងជួបសំណេះសំណាលជាមួយប្រជាកសិករ និងអាជ្ញាធរឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បើតាមសេចក្តីរាយការណ៍របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ការដាំដុះស្រូវប្រាំងក្នុងខេត្តកំពង់ឆ្នាំងអនុវត្តបានចំនួនជាង៥៩ ០០០ហិកតា លើផែនការ៣៧ ០០០ហិកតា។មកដល់ពេលនេះប្រមូលផលលើផ្ទៃដីជិត៨ ០០០ហិកតា ប្រហែល១២ភាគរយ។ចំពោះទិន្នផលស្រូវឆ្នាំនេះគិតជាមធ្យមជិត៥តោន ក្នុងមួយហិកតា ហើយតម្លៃជាមធ្យមពី៧៦០-៧៦០រៀលក្នុងមួយគីឡូក្រាម ។
ដោយការសង្កេតជាក់ស្តែងជាភព្វសំណាងដំណាំស្រូវប្រាំងនៅឃុំគោកបន្ទាយពុំមានការប្រឈមធ្ងន់ធ្ងរនឹងកង្វះទឹកឡើយ។ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករនិងបានជំរុញអាជ្ញាធរ មន្រ្តីជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា៕
ដោយ៖សុខ គឹមសៀន

