រាជរដ្ឋាភិបាល បើកកម្មវិធីសប្តាហ៍​​គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសឱ្យអនុវត្ត ក្របខណ្ឌ​គោល​នយោ​បាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធី “បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្របខណ្ឌ​គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥” នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ី​ដង់សុខា ភ្នំពេញ។

សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៥ ដែលមានរយៈ​ពេល​ពីរថ្ងៃនេះ ត្រូវបានរៀបចំឡើង ក្រោមមូលបទ អភិវឌ្ឍប្រព័ន្ធ​គាំពារ​សង្គមកម្ពុជា ដើម្បីការគ្របដណ្តប់កាន់តែប្រសើរ ទៅ​តាម ហានិភ័យនៃវដ្តជីវិត និង អមដោយការធ្វើបទបង្ហាញ​គន្លឹះ, កិច្ចពិភាក្សាពេញអង្គ, កិច្ចពិភាក្សា តាមក្រុម, និង ការ​ប្រកួតតស៊ូមតិរបស់យុវជន លើប្រធានបទពាក់ព័ន្ធ ដោយ​មានការចូលរួមពី គណៈអធិបតី, ភ្ញៀវកិត្តិយស ជាថ្នាក់​ដឹក​នាំ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងដៃគូអភិវឌ្ឍន៍​ពាក់ព័ន្ធ, តំណាងស្ថាប័ន ស្រាវជ្រាវ, សិស្ស-និស្សិត និង អ្នកទទួលផលសរុបចំនួនប្រមាណ ១ ០០០ នាក់ ទាំងអ្នក​ចូលរួម ដោយផ្ទាល់នៅទីនេះ និង អ្នកចូលរួមតាមរយៈ​ប្រព័ន្ធ​ប្រជុំអនឡាញ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធាន​ក្រុម​ប្រឹក្សាជាតិ គាំពារសង្គម បានថ្លែងថា “ចាប់តាំងពីឆ្នាំ ២០២២មក ក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំ​សប្តាហ៍​គាំពារសង្គមកម្ពុជា ជារៀងរាល់ឆ្នាំ ។សប្តាហ៍គាំពារសង្គម គឺជាវេទិកាមួយដែលផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បី​ពិ​ភាក្សា និងផ្លាស់ប្ដូរទស្សនវិស័យ គោលនយោបាយ ចែក​រំលែក​ចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ នៃគោល​នយោបាយគាំពារសង្គម ពីប្រទេសផ្សេងៗ ទាំងក្នុងតំបន់ និងលើសកលលោក ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជាដល់អ្នកទទួលផល និង សាធារណជនឲ្យបានជ្រាបកាន់តែច្បាស់”។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិ គាំពារសង្គម បានថ្លែងបន្តថា “ចាប់តាំងពីឆ្នាំ ២០២២ ក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំ សប្តាហ៍គាំពារសង្គម​កម្ពុជាប្រចាំឆ្នាំ។ សប្តាហ៍គាំពារសង្គម ជាវេទិកាមួយដែលផ្ដល់​ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សន​វិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធ, និងឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារ​សង្គម ពីបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកល ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារ​សង្គមកម្ពុជា ដល់សាធារណជន ឱ្យជ្រាបកាន់តែច្បាស់។ សម្រាប់ឆ្នាំ២០២៥នេះ, សប្តាហ៍គាំពារសង្គមកម្ពុជាត្រូវរៀប​ចំ​ឡើង​ក្រោមមូលបទ “អភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បី​ការគ្របដណ្តប់កាន់តែប្រសើរ ទៅតាម​ហានិភ័យ​នៃវដ្ដជីវិត” ។

“ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥” ដែលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុង​គោល​បំណង​ធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយបន្តតម្រង់ទិស សម្រាប់រយៈពេល ១១ឆ្នាំ ទៅមុខ ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ដើម្បី​ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា ក៏ដូចជាការវិវឌ្ឍនៃកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាប្រជាសាស្ត្រ ជាទូទៅ, សំដៅរួមចំណែកលើកកម្ពស់​សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកប​ដោយ​ចីរភាព និងបរិយាបន្ន។

ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ កំណត់យក គោលការណ៍សំខាន់ៗចំនួន៧ សម្រាប់​បន្ត​អភិវឌ្ឍប្រព័ន្ធគាំពារសង្គមទៅមុខបន្ថែម​ទៀតដែលមានដូចជា៖ ១). ការធានានូវ សមធម៌ និង បរិយាបន្ន ក្នុងប្រព័ន្ធគាំពារសង្គម, ២). ការគិតគូរពី ភាពគ្រប់គ្រាន់ និង ភាពសមរម្យនៃកញ្ចប់អត្ថប្រយោជន៍,៣). ការធានានូវភាពអាចទ្រទ្រង់បាននៃថវិកា និងចីរភាពហិរញ្ញវត្ថុ,៤). ការធានានូវ ស័ក្កិសិទ្ធភាព នៃការគ្រប់គ្រង និង ការចាត់ចែងកម្មវិធីជាតិជំនួយសង្គម និង របបសន្តិសុខសង្គម,៥). ការរក្សាបានភាពទន់ភ្លន់ ឆ្លើយតបនឹងការប្រែប្រួល និង ការ វិវដ្ដ របស់កត្តាខាងក្រៅ,៦). ការប្រកាន់ខ្ជាប់នូវអភិបាល​កិច្ចល្អ ក្នុងប្រព័ន្ធគាំពារសង្គម, និង៧). ការឆ្លើយតបនឹងយេនឌ័រ ។

ជាមួយគ្នានេះ ដើម្បីធានាចីរភាពហិរញ្ញវត្ថុ និងនិរន្តរភាព នៃ​ប្រព័ន្ធ​គាំពារសង្គមកម្ពុជា, រាជរដ្ឋាភិបាលកំណត់យក គោល​ការណ៍រួមនៃការរៀបចំប្រព័ន្ធគាំពារសង្គមរបស់ជាតិ ដែល ពលរដ្ឋគ្រប់រូប មានកាតព្វកិច្ចបង់ភាគទាន ដើម្បីទទួល​បានការ​គាំពារ។ ប៉ុន្តែ រដ្ឋ រ៉ាប់រងលើការគាំទ្រក្រុមពលរដ្ឋ​ក្រីក្រ, ងាយរងគ្រោះ, និងងាយរងហានិភ័យ ដែលមិនមាន ឬមានលទ្ធភាពតិចតួចបំផុត ដោយត្រូវគិតគូរឱ្យបានហ្មត់ចត់ លើភាពអាចទ្រទ្រង់បាននៃថវិកាជាតិ និង “យុទ្ធសាស្ត្រចាក​ចេញ” ពីភាពក្រីក្រ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner