ការកែទម្រង់មិនមែនជាវិធានការវះកាត់នោះទេ តែជាវិធានការ​កែ​លម្អ ហើយអនុវត្តទៀតសោត ត្រូវរក្សាស្មារតីជវភាពនៃ​ប្រ​ព័​ន្ធ​តួអង្គតែមួយ

(ភ្នំពេញ)៖ ឯកឧត្តម យក់ ប៊ុនណា បានរំលឹកប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនថ្នាក់ដឹកនាំ និងមន្ត្រី​ដែលបានចូលរួមក្នុងកិច្ចប្រជុំវិភាគមុខងារជាបន្តបន្ទាប់ ថា «ការ​កែ​ទម្រង់មិនមែនជាវិធានការវះកាត់នោះទេ តែជាវិធាន​ការ​កែលម្អ ហើយអនុវត្តទៀតសោត ត្រូវរក្សាស្មារតីជវភាព​នៃប្រព័ន្ធតួអង្គតែមួយ»។

ក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នផ្សេងៗ ដើម្បីពិនិត្យនិង​ពិភាក្សា​លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការ​ប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ននានា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តែងតែ​បានរំលឹកជារឿយៗនូវអភិក្រមក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ការរំលឹកគោលការណ៍ទាំងនេះ ជាការជម្រាបបន្ថែមដល់អង្គ​ប្រជុំ​ដែលបានចូលរួមពិភាក្សាលើការរៀបចំ និងការប្រព្រឹត្តទៅ​របស់​ក្រសួង ស្ថាប័ននានា ជាពិសេសអភិក្រម «ពង្រឹង ជាជាង​ពង្រីក» និងចំណុចដែលមានភាពប្រទាក់ប្រឡាគ្នា​រវាងក្រសួង ស្ថាប័នធ្វើយ៉ាងណា ឱ្យរក្សាស្មារតី ស្រុះស្រួលគ្នា។

ទន្ទឹមនឹងការលើកឡើងបែបនេះ ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ ក៏បានរំលេចនូវស្ថានភាពភូមិសាស្រ្តនយោបាយ ក៏ដូចជាសេដ្ឋកិច្ចសង្គម ដែលមានការវិវត្តជាប្រចាំ និង​ពិបាកក្នុងគ្រប់គ្រង ឬព្យាករណ៍ទុក ទាំងស្ថានភាពក្នុងតំបន់ និងនៅលើសកលលោក។ ដូច្នេះហើយកម្ពុជាក៏ទាមទារ​ឱ្យ​មាន​ការគិតគូរជាប្រចាំ និងជាចាំបាច់ទៅលើការងារកែទម្រង់​រដ្ឋបាលសាធារណៈ ដើម្បីកែលម្អផង សន្សំសំចៃផង និងពង្រឹងភាពធន់របស់យើងផង។

ពឹងផ្អែកទៅលើប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម យក់ ប៊ុនណា ក៏បានបន្តថា ទាំងថ្នាក់ដឹកនាំ ទាំងក្រុមការងារបច្ចេកទេសទាំងអស់ រួមទាំងមន្រ្តី​រាជការ​របស់យើង ដែលចូលរួមអនុវត្តការងារកែទម្រង់រដ្ឋបាល​សាធារណៈនេះ បានគិតគូរគ្រប់រូបភាពទាំងអស់ ទាំងទិដ្ឋភាពបច្ចេកទេស ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពសតិអារម្មណ៍ និងស្ថានភាពខុសៗគ្នា​នៅក្នុងក្រសួង ស្ថាប័ននីមួយៗ ដោយធ្វើយ៉ាងណាគិតគូរ​ដល់មន្រ្តីគ្រប់រូបដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចូលរួមជាមួយរាជរដ្ឋាភិបាលកន្លងមក​ក្នុងការ​បំពេញការងារតាមចំណេះ ជំនាញ បច្ចេកទេស តាមវិស័យ​រៀងៗខ្លួន។ ដូច្នេះហើយ រាល់ការកែ​ទម្រង់រដ្ឋបាលសាធា​រណៈ​នៅកម្ពុជា មិនមែនជាការធ្វើជាគំហុកនោះទេ តែក៏មិននៅមួយកន្លែង។ ការងារកែទម្រង់ត្រូវបន្តធ្វើជាប្រចាំ​ដោយមានការស្រុះស្រួលគ្នាហើយរក្សាស្មារតីនៃជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner