ទីបំផុត លោក Zelensky ព្រមចាញ់លោក Trump សុខចិត្តស៊ីញ៉េប្រគល់រ៉ែកម្រឲ្យអាមេរិក
កៀវ ៖ ទីបំផុត ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រមចុះចាញ់មេដឹកនាំអាមេរិកម លោក ដូណាល់ ត្រាំ ហើយនឹងកាន់ប៊ិចចុះហត្ថលេខាប្រគល់រ៉ែកម្រទៅឲ្យទីក្រុងវ៉ាស៊ីនតោន ជាថ្នូរនឹងកិច្ចចរចាបទឈប់បាញ់ក្នុងសង្គ្រាមជាមួយរុស្ស៊ី។
កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា វាមានសារៈសំខាន់ ក្នុងការបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិក ជាថ្នូរនឹងការស្វែងរកសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ឈានដល់ការបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំរបស់ប្រទេសទាំងពីរ។
វាជាការចុះចាញ់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក ហ្សេលេនស្គី ដែលធ្លាប់បាននិយាយកាលពីប៉ុន្មានថ្ងៃមុនថា លោកនឹងការពារអ៊ុយក្រែន… គាត់មិនអាចលក់ប្រទេសខ្លួនឯងបានទេ។
យ៉ាងណា លោក ហ្សេលេនស្គី បាននិយាយនៅថ្ងៃសុក្រថា មន្ត្រីអ៊ុយក្រែន និងសហរដ្ឋអាមេរិកកំពុងធ្វើការលើការបញ្ចប់កិច្ចព្រមព្រៀងសេដ្ឋកិច្ច ដើម្បីធានាថា កិច្ចព្រមព្រៀងនេះដំណើរការ និងយុត្តិធម៌សម្រាប់ទីក្រុងកៀវ។
រីឯលោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតីថា យើងកំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ហើយសង្ឃឹមថា នឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះ។
ក្រោយមក កាសែត Wall Street Journal បានលើកឡើងពីមនុស្សមួយចំនួនដែលដឹងពីបញ្ហានេះថា កិច្ចព្រមព្រៀងនេះជិតកើតឡើងហើយ ហើយនឹងត្រូវចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានម៉ោងទៀត។
បើតាមសារព័ត៌មាន Axios កិច្ចព្រមព្រៀងប្រគល់រ៉ែកម្រអ៊ុយក្រែននេះ កើតឡើងបន្ទាប់ពីលោក ហ្សេលេនស្គី ខឹងលោក ត្រាំ យ៉ាងខ្លាំង ខណៈដែលមេដឹកនាំអាមេរិករូបនេះបានគំរាមដកមូលនិធិរបស់សហរដ្ឋអាមេរិកទាំងស្រុងពីអ៊ុយក្រែន៕
ប្រភព ៖ Mail Online ប្រែសម្រួល ៖ ឈឹម ទីណា

