ទីប្រឹក្សាសេតវិមានប្រាប់លោក Zelensky ត្រូវប្រគល់រ៉ែ ក្នុងកាលៈទេសៈនេះ

បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz បាននិយាយប្រាប់លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន ថា លោក Donald Trump ខកចិត្តយ៉ាងខ្លាំង ហើយបញ្ជាក់ថា លោក Zelensky ត្រូវតែសម្រេចឲ្យមានកិច្ចព្រមព្រៀង ស្តីពីការចូលប្រើប្រាស់រ៉ែសំខាន់ៗ របស់អ៊ុយក្រែន ក្នុងកាលៈទេសៈនេះ។

ជំនួបនេះ បានធ្វើឡើង ក្រោយពេលដែលលោក Zelensky បានច្រានចោលការទាមទារ របស់សហរដ្ឋអាមេរិក សម្រាប់ចំណែក នៃសារធាតុរ៉ែកម្ររបស់ខ្លួន ដែលជា «កិច្ចព្រមព្រៀង» បង្កើតឡើងដោយលោក Trump ដោះដូរនឹងជំនួយ ដែលសហរដ្ឋអាមេរិកផ្តល់ដល់អ៊ុយក្រែន ក្នុងអំឡុងពេលសង្គ្រាម ជាមួយរុស្ស៊ី។ គួរបញ្ជាក់ថា អ៊ុយក្រែនមានសារធាតុកម្រ មហាសាល រួមមានទាំងរ៉ែលីចូម ទីតាញ៉ូម ធ្យូងថ្ម ឧស្ម័ន ប្រេង អ៊ុយរ៉ាញ៉ូម មានតម្លៃរាប់ពាន់លានដុល្លារ។

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz បាននិយាយថា អាមេរិកបានផ្តល់ឱកាសមិនគួរឱ្យជឿ និងជាប្រវត្តិសាស្ត្រ ឱ្យប្រជាជនអ៊ុយក្រែន។ លោក Mike Waltz បន្ថែមថា កិច្ចព្រមព្រៀងនេះគឺជាការធានាសន្តិសុខ ប្រកបដោយ និរន្តរភាព និងល្អបំផុត ដែលអ៊ុយក្រែន អាចសង្ឃឹមបាន។

ប៉ុន្តែ លោក Zelensky បានបដិសេធការផ្តល់ជូន ដោយនិយាយថា «ខ្ញុំមិនអាចលក់រដ្ឋ របស់យើងបានទេ»។ យ៉ាងណាមិញ មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រកាស ពេលក្រោយថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើ «កិច្ចព្រមព្រៀងវិនិយោគ និងសន្តិសុខ» ជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។

ជំនួបនេះបានកើតឡើង ក្នុងបរិបទនៃសង្គ្រាមពាក្យសម្តី រវាងរបស់លោក Donald Trump និងមេដឹកនាំអ៊ុយក្រែន ដែលក្នុងនោះ ប្រធានាធិបតីអាមេរិក បានហៅលោក Zelensky ថាជា «ជនផ្តាច់ការ កាន់តំណែង ដោយគ្មានការបោះឆ្នោត» ហើយ ក៏បានស្តីបន្ទោសលោក Zelensky ចំពោះការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ី ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner