បារាំង និងកាណាដា រក្សាជំហរគាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី
គៀវ ៖ ការិយាល័យសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ។

បើតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនជាមួយលោក ម៉ាក្រុង ដែលនឹងទៅជួបលោក ត្រាំ សប្តាហ៍ក្រោយនេះ។

លោក ហ្សេលេនស្គី បានបញ្ជាក់សារជាថ្មីថា ការសម្រេចបាននូវសន្តិភាពដ៏យុត្តិធ៌ម និងយូរអង្វែង នៅតែជាគោលដៅចម្បងរបស់អ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើតម្រូវការការធានាសន្តិសុខដ៏រឹងមាំនាពេលអនាគត។
រីឯក្នុងអំឡុងពេលសន្ទនាជាមួយមេដឹកនាំកាណាដា លោក ហ្សេលេនស្គី និងលោក ទ្រូដូ បានព្រមព្រៀងគ្នាថា ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដោយសន្តិវិធី ត្រូវតែរួមបញ្ចូលអ៊ុយក្រែននៅក្នុងតុចរចា នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រីកាណាដា។
នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ លោក ហ្សេលេនស្គី ក៏គ្រោងនឹងជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ុលឡា វ៉ុនឌឺ ឡេយេន, ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ ខូស្តា និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស ដែលនឹងធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីប្រារព្ធខួប ៣ឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
