ឆ្មាំទន្លេ៣នាក់ត្រូវបានបញ្ឈប់ពីការងារ ក្រោយរកឃើញកំហុសបើកដៃឱ្យមានបទល្មើសនេសាទ នៅក្នុងតំបន់ការពារសត្វផ្សោតទន្លេមេគង្គ

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានបញ្ចប់តួនាទី ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គ ៣នាក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់រកឃើញកំហុសមានជាប់ពាក់ព័ន្ធនឹងការបើកដៃឱ្យមានបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ។

ការសម្រេចនេះ ធ្វើឡើងតាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បន្ទាប់ពីរកឃើញថា បុគ្គលទាំង ៣រូបនេះ មានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ តាមរយៈការបើកដៃឱ្យអ្នកនេសាទ ប្រើប្រាស់ឧបករណ៍ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើយោងតាមក្រសួងកសិកម្ម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

លិខិតបញ្ចប់តួនាទី ដែលចុះហត្ថលេខាដោយ អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថនបានឱ្យដឹងថា ឆ្នាំទន្លេទាំង៣នាក់ ដែលត្រូវបានបញ្ចប់តួនាទី ភារកិច្ចនោះមាន៖ ១-លោក សេង កុសល ជាអនុប្រធានប៉ុស្តិ៍ឆ្នាំទន្លេ អភិរក្សសត្វផ្សោតកោះផ្តៅ, ២-លោក កាន វណ្ណៈ ជាសមាជិកប៉ុស្តិ៍ឆ្នាំទន្លេ អភិរក្សសត្វផ្សោតជ្រោយបន្ទាយ និង ៣-លោក មួង កែវឡាយ ជាសមាជិកប៉ុស្តិ៍ឆ្នាំទន្លេ អភិរក្សសត្វផ្សោតជ្រោយបន្ទាយ។
ការបញ្ចប់តួនាទីនេះ ត្រូវបានធ្វើឡើង ក្រោយពីមានការព្រមាន ក៏ដូចជាក្រើនរំលឹក នៅចំពោះមុខឆ្មាំទន្លេទាំងឡាយ របស់អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម ជំទាវ អ៊ឹម រចនា កាលពីសប្ដាហ៍មុន នៅតំបន់អភិរក្សសត្វផ្សោតកាំពី។
ជំទាវ អ៊ឹម រចនា បានសង្កត់ធ្ងន់ថា ការឃុបឃិតណាមួយរវាងឆ្មាំទន្លេ ជាមួយអ្នកនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ មងក្រឡាធំ និងសន្ទូចរនងជាដើម គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត។ ចំពោះ បុគ្គលប្រព្រឹត្តល្មើស នឹងត្រូវដកចេញពីសមាសភាពឆ្មាំទន្លេអភិរក្សសត្វផ្សោតភ្លាម ដោយមិនទុកយូរឡើយ។
ជំទាវ អ៊ឹម រចនា បានពន្យល់ថា៖« ការសម្រេចដកឆ្មាំទន្លេនៅតំបន់កាំពី ៣រូបនាពេលនេះ ត្រូវបានធ្វើឡើងដោយមានភស្តុតាងច្បាស់លាស់ ទាំងតាមរយៈការស៊ើបអង្កេតរបស់មន្ដ្រីជំនាញនៃក្រសួងផង និងតាមរយៈសម្ដីផ្ទាល់របស់ជនសង្ស័យ ក្នុងបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ ដែលបានបង្ក្រាបនាពេលថ្មីៗនេះផង»។ រីឯការអភិរក្សធនធានជលផល គឺជាការងារ ដែលក្រសួងផ្ដល់អាទិភាព មិនចាញ់ការងារដទៃទៀតឡើយ ជាពិសេសការអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។
ជំទាវអនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ចំពោះសុខទុក្ខរបស់ឆ្មាំទន្លេដែលចុះល្បាត ២៤ម៉ោង លើ២៤ម៉ោង ជារៀងរាល់ថ្ងៃ និងបន្តជំរុញការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាប់ជាប្រចាំ ដើម្បីនិរន្ដរភាពធនធានជលផលនៅកម្ពុជា។ លោកជំទាវ បានបន្តលើកទឹកចិត្តដល់ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ បន្តការងាររបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២៥នេះ មានកូនផ្សោតកើតថ្មីចំនួន ៣ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតក្បាលត្រឡោក មានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៧ក្បាល។ ស្របពេលជាមួយគ្នា នៃការកើនឡើងនៃចំនួនសត្វផ្សោតនេះ ឆ្មាំទន្លេជាង ៤០រូប បាននិងកំពុងតែបំពេញភារកិច្ច អភិរក្សសត្វផ្សោតទន្លេមេគង្គទាំងនោះ ដែលជារតនសម្បត្តិរបស់ជាតិ តាមរយៈការល្បាតចល័ត ២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ៕
ដោយៈឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner