ក្រុមហ៊ុនល្បីលំដាប់ពិលោក BVLGARI ជ្រើសប្រាសាទបាយ័នខ្មែរ ជាទីតាំងបង្ហាញម៉ូតគ្រឿងអលង្ការ ដោយសារការជឿជាក់លើសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា
(ខេត្តសៀមរាប)៖ ប្រាសាទបាយ័នរបស់ខ្មែរ ត្រូវបានក្រុមហ៊ុនគ្រឿងអលង្ការយ៉ាងល្អប្រណីត និងល្អឯករបស់អ៊ីតាលី ដែលមានម៉ាកយីហោដ៏ល្បីលំដាប់ពិភពលោក BVL GARI បានជ្រើសរើសជាទីតាំង ដើ ម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន ។ ការបង្ហាញម៉ូតផលិតផលគ្រឿងអលង្ការយ៉ាងល្អប្រណីតនេះ បានធ្វើឡើងតាមរយៈការរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA កាលនៅរាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

កម្មវិធីដ៏អធិកអធមនោះ មានការអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយសពិសេសដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមទាំងភ្ញៀវលំដាប់ខ្ពស់ប្រចាំប្រទេសកម្ពុជា និងតារាបង្ហាញម៉ូតគ្រឿងអលង្ការ BVLGARI ល្បីៗមកពីក្នុងតំបន់ និងមកពីជុំវិញពិភពលោកផងដែរ ។ នៅក្នុងកម្មវិធីនោះ ក្រុមអ្នករៀបចំ បានរៀបចំគ្រឿងអលង្កា BVLGARI ដ៏មានតម្លៃជាច្រើន គ្រងដោយតារាបង្ហាញម៉ូត ដោយបានដើរបង្ហាញនៅលើវេទិការ នៅមុខប្រាសាទបាយ័ន នៃទឹកដីអង្គរដ៏ស្រស់ស្អាតរបស់កម្ពុជា ។

បើតាមនាយកគ្រប់គ្រងក្រុមហ៊ុនប្រចាំតំបន់ លោក Jeffery Hang ការនាំឲ្យបង្កើតមានរាត្រីសមោសរដ៏អស្ចារ្យនេះឡើង គឺនៅបន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានណែនាំ ដើម្បីស្វែងរកលទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍នេះ នៅក្នុងទឹកនៃខេត្តសៀមរាប កាលពី ១ឆ្នាំមុន ។ ការរៀបចំកម្មវិធីដ៏អស្ចារ្យនេះឡើង ត្រូវបានគេមើលឃើញថា គឺជាទីពេញចិត្តនៃប្រជាពលរដ្ឋខ្មែរ ថែមទាំងជួយដល់វិស័យទេសចរណ៍ វប្បធម៌ និងជាការចែករំលែក មោទនភាពជាតិកម្ពុជាផងដែរ ។

សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានថ្លែងថា« ការដែលក្រុមហ៊ុនគ្រឿងអលង្ការប្រណិតលំដាប់ពិភពលោក មករៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ នៅកម្ពុជា រួមទាំងនាំមកនូវតារាល្បីៗនៅលើពិភពលោក ដោយសារក្រុមហ៊ុនមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា ព្រមទាំងកិត្តិសព្ទដ៏ល្បីល្បាញរបស់តំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញបំផុតមួយ នៅក្នុងចំណោមរមណីយដ្ឋានល្បីៗនៅលើពិភពលោក ។ »
នាយកគ្រប់គ្រងក្រុមហ៊ុនប្រចាំតំបន់ លោក Jeffery Hang បានថ្លែងពីប្រវត្តិដំបូង BVLGARI ថា BVLGARI បានបង្កើតឡើងនៅឆ្នាំ១៨៨៤ គឺមានអាយុកាល ១៤១ឆ្នាំហើយ ដោយលោកស្រី Sotirios Voulgaris ក្រុងទីក្រុងរ៉ូម ។

លោក បានសំដែងការគុណដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោកបានជឿជាក់យ៉ាងមុតមាំថា តម្លៃ BVLGARI ជាពិសេសគ្រឿងអលង្ការទាំងនេះ ដែលត្រូវបានដាក់ឈ្មោះជាចង្កោមថា «Aeterna» មានទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយនឹងរឿងគ្រប់យ៉ាង ដែលតំណាងឲ្យខេត្តសៀមរាប ជាក់ស្តែងប្រាសាទអង្គរវត្តតែម្តង៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ FB ក្រសួងទេសចរណ៍ និងបណ្តាញសង្គម
