ក្រុមហ៊ុន Mirarth Agri Tech ចុះ កិច្ចសន្យាទិញលក់គ្រាប់ស្វាយចន្ទីពីសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ

កំពង់ធំ៖ក្រុមហ៊ុន Mirarth Agri Tech កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចុះកិច្ចសន្យាទិញលក់គ្រាន់ស្វាយចន្ទីសើមជាមួយសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ ។
ក្នុងឳកាសអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា “ខេត្តកំពង់ធំ គឺជាតំបន់ស្វាយចន្ទីសំខាន់សម្រាប់កម្ពុជា ដែលប្រជាជនជាង ៧៣% មានជីវភាពពឹងផ្អែកលើវិស័យកសិកម្ម”។ ដំណាំស្វាយចន្ទី មិនត្រឹមតែជាប្រភពចំណូលសំខាន់របស់កសិករ ប៉ុន្តែការអភិវឌ្ឍវិស័យនេះ ក៏ជាគោលនយោបាយសំខាន់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបន្តថា សម្ដេចធិបតី បានអញ្ជើញមកកាន់សហគមន៍ស្វាយចន្ទីខេត្តកំពង់ធំ ដល់ពីរលើក ដើម្បីពិនិត្យមើលការងារ និងដាក់ចេញគោលនយោបាយច្បាស់លាស់ ចាប់ពីការដាំដុះ រហូតដល់ការនាំចេញ។
វិធានការទាំងនេះមានគោលបំណងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសនាំចេញស្វាយចន្ទីមុខគេក្នុងតំបន់។

ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវឲ្យសហគមន៍ស្វាយចន្ទី បន្តប្រកាន់ខ្ជាប់លក្ខណៈវិជ្ជាជីវៈក្នុងការផលិត ដោយធានាបាននូវគុណភាព និងស្របតាមតម្រូវការទីផ្សារ។ លោកក៏បានលើកឡើងអំពី សារៈសំខាន់នៃភាពស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ ដើម្បីធ្វើឱ្យវិស័យស្វាយចន្ទី រីកចម្រើន៕
ដោយៈប៊ុន រដ្ឋា

ads banner