រដ្ឋបាលខេត្តបាត់ដំបង បើកការដ្ឋានពង្រីកតួផ្លូវនិងរៀបចំប្រព័ន្ធលូនៅកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកថ្មគោល
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបងក្នុងសប្ដាហ៍នេះបានអញ្ជើញបើកការដ្ឋានជួសជុលកែលម្អពង្រីកតួផ្លូវចាស់ និងរៀបចំប្រព័ន្ធលូថ្មីលើកំណាត់ ផ្លូវជាតិលេខ៥ប្រវែង១,៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ឃុំជ្រៃ ស្រុកថ្មគោល។ពិធីបើកការដ្ឋានបានប្រព្រឹត្តទៅនៅបរិវេណវិទ្យា ល័យជ្រៃ នៃឃុំជ្រៃ។
ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការបានឱ្យដឹងថានៅលើកំណាត់តួថ្នល់ចាស់ដែលមានទទឹង១០ម៉ែត្រនឹងត្រូវពង្រីក បន្ថែមតួផ្លូវទទឹងប្រវែង៣,៥ម៉ែត្រសងខាងដោយក្រាលកៅស៊ូDBSTលើនៅកំណាត់ផ្លូវជាតិលេខ៥ខាងលើ។ក៏មានការស្ថាបនាប្រព័ន្ធលូតាមបណ្តោយផ្លូវជាតិទីនោះទៀតផង ដោយដាក់លូមូលបេតុងសរសៃដែកមុខកាត់មួយម៉ែត្រប្រវែងសរុប ១ ២០០ម៉ែត្រ ។
ឯកឧត្តម ព្រួញ រិទ្ធថា បន្តថា បន្ទាប់ពីកំណាត់ផ្លូវនេះស្ថាបនារួចរាល់គឺជាចំណងដៃដ៏ពិសិដ្ឋឆ្លើយតបទៅនឹងសំណូមពររបស់ ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល ផលិតផល និងជាចរន្តលំហូសេដ្ឋកិច្ច។
ថ្លែងក្នុងពិធីបើកការដ្ឋាន ឯកឧត្តម សុខ លូ អំពាវនាវដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ចូលរួម លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងគោរពអនុវត្តច្បាប់ចរាចរណ៍ ,ចូលរួមជួយទប់ស្កាត់ចំនួនអ្នកស្លាប់និង របួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យស្ថិតក្នុងកម្រិតទាប៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.





