សម្តេច ម៉ែន សំអន រំលឹកពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំក្នុងការ​ស្វែងរកបាននូវសុខសន្តិភាព ជូនជាតិ និងប្រជាជន

(ត្បូងឃ្មុំ) ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានរំលឹកគំរូវីរភាព របស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

ការរំលឹករបស់ សម្តេចម៉ែ ន សំអន បែបនេះ ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ព្រមទាំងបូកសរុបលទ្ធផលការងារសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ដែលមានសមាសភាពចូលរួម ប្រមាណ ៤៥០នាក់ នារសៀល ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហា​បវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈការ​ពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំតាមក្រសួង ស្ថាប័ន​របស់ជាតិ រួមមាន ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋា​ភិបាល និងបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍធនធានស្ត្រី ក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច និងវិស័យសង្គមកិច្ច​ជាដើម សំដៅធានានឹងឆ្លើយតបទៅនឹងសាកលភាវូបនីយកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ជាមួយគ្នានេះ នៅរដ្ឋបាលថ្នាក់ក្រោមជាតិក៏មានចំនួនស្ត្រីកាន់តែច្រើន មានឱកាសកាន់តំណែង ជាអភិបាលខេត្ត អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាព​របស់រដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខ​ទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិ​ភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកដល់សាវតារបស់សមាគម ដោយបានរំលេចនូវប្រវត្តិនៃការកកើតសមាគម រួមទាំង​ដំណើរ​វិវត្តរបស់សមាគមតាំងពីដំណាក់កាលចូលរួមពលី រំដោះជាតិ មាតុភូមិ និងការចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ជាបន្តបន្ទាប់ក្នុងសម័យសន្តិភាព។ ស្របពេល​ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើង​នូវគំរូវីរភាព របស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយ​ចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍ​រហូតមកដល់សព្វថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ លោកជំទាវ ហេង សំអាន ប្រធានកិត្តិយសគណៈកម្មការ​សាខា​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ខេត្តត្បូងឃ្មុំ និងបានផ្តាំផ្ញើដល់គណៈកម្មការ​សាខា​សមា​គមនារីខេត្តដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែម​សមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំ ប្រឹងប្រែងគ្រប់​សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មកា​រសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាព​កាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោល​នយោបាយ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួល​ស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ​របស់យើងទាំងអស់គ្នា»៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner