ឯកឧត្តម ឡាវ វ៉ាន់ ៖ ប្រកៀកស្មាគ្នារវាងក្រុមគ្រូពេទ្យកម្ពុជា​និងចិន សង្គ្រោះជីវិតកុមារកម្ពុជាដែលមានជំងឺបេះដូង​ពីកំណើត

(ភ្នំពេញ)៖ កុមារកម្ពុជាដែលមានជំងឺបេះដូង ចំហពីកំណើត ចំនួន៥រូបបន្ថែមទៀតនឹងចេញដំណើរទៅទទួលការវះកាត់និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន។ តាមរបាយការណ៍ពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានរំលេចថា ចាប់ពីឆ្នាំ២០១៨មក តាមរយៈគម្រោងនៃក្តីស្រឡាញ់ មន្ទីរពេទ្យបេះដូងFuwai និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការចុះពិនិត្យ សុខភាពជូនដល់កុមារកម្ពុជានៅរាជធានីភ្នំពេញ និងតាម បណ្តាខេត្តចំនួន១២ផ្សេងទៀតសរុបមានចំនួនចំនួន៧៩,៥១១នាក់ ក្នុងនោះមាន ១២២រូបត្រូវបានរកឃើញថា មានជំងឺ​បេះដូងពីកំណើត។

ដោយមានការសម្របសម្រួលនិងការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ទើប​កុមារចំនួន១០៧រូបបានជាសះស្បើយក្រោយទទួលបានការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីប្រទេសចិន ហើយ​កុមារ​ចំនួន ១០រូបបានទទួលការវះកាត់និងព្យាបាល​ដោយឥតគិត​ថ្លៃ​នៅក្នុងប្រទេសកម្ពុជា។

ក្នុងនាមក្រុមគ្រួសារកុមារទាំ៥រូបដែលត្រៀមចេញដំណើរទៅចិន លោក នួន ពិសិដ្ឋ បានជម្រាថា ក្រៅពីការលើកទឹកចិត្ត​ដោយផ្តល់ជូនក្នុងមួយគ្រួសារមីជាតិចំនួន២កេស និងថវិកា ១សែនរៀល ក្រុមគ្រួសារទទួលបានសោហ៊ុយ​លើការរៀប​ចំលិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រយន្តហោះទៅមក ការ​ស្នាក់​នៅ និងចំណាយផ្សេងៗទាំងស្រុងពីឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ ជឹង សុគន្ធាវី។

ថ្លែងទៅកាន់ក្រុមគ្រួសារកុមារទាំង៥រូបដែលនឹងត្រៀមចេញដំណើរនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ដើម្បីទៅទទួលការវះ​កាត់ និងព្យាបាលដោយឥតគិតថ្លៃនៅក្នុងប្រទេសចិន ឯកឧត្តម ឡាវ វ៉ាន់ មានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ហើយដោយឡែកក្នុងអាណត្តិទី៧នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបង្កើនការយកចិត្តទុក​ដាក់ខ្លាំងឡើងបន្ថែមទៀតលើវិស័យសុខភាពសាធារណៈ និង​សុខុមាលភាពរបស់ប្រជាជនកម្ពុជាដែលជាពិសេសគឺកុមារ។

ឯកឧត្តមក៏បានសាទរជាមួយក្រុមគ្រួសារកុមារទាំង១១៧រូបដែលមានជាសះស្បើយពីជំងឺបេះដូងចំហក្រោយពីទទួលបាននូវការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីមិត្តចិន។ បន្ថែមពី​លើនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់មិត្តចិនបន្ត​កិច្ច​សហ​ការ​ឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យកម្ពុជាទាំងលើ​​បម្រើ​បម្រាស់សម្ភារបច្ចេកវិទ្យាទំនើប និងបច្ចេកទេសនៃការវះកាត់ និងព្យាបាលជំងឺបេះដូងចំហ ដើម្បីរួមចំណែកជាមួយរាជរដ្ឋា​ភិបាល​កម្ពុជាក្នុងការលើកកម្ពស់សុខភាពសាធារណៈ​ក្នុង​ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏ស្វាគមន៍ចំពោះកិច្ច​សហការរវាងសមាគមមិត្តភាពកម្ពុជា-ចិន ជាមួយមន្ទីរពេទ្យ​បេះ​ដូង Fuwai ខេត្តយូណាន អង្គការYUNDI និង​មូលនិ​ធិចិន PEACELAND ក្នុងផែនការឆ្នាំ២០២៥នេះ នាំយករ​ថយន្តចល័តសម្រាប់បម្រើការងារលើការវះកាត់និងព្យាបាលជំងឺបេះដូងចំហជូនដល់កុមារកម្ពុជា។

ជានិច្ចកាល ឯកឧត្តម ឡាវ វ៉ាន់ តែងយល់ថា កិច្ចខិតខំប្រឹង​ប្រែង​នៃស្មារតីប្រកៀកស្មាគ្នារវាងក្រុមគ្រូពេទ្យកម្ពុជានិងចិន ពិតជាបានរួមចំណែកសង្គ្រោះជីវិតកុមារកម្ពុជា​ដែលមានជំងឺ​បេះដូងពីកំណើត ហើយកុមារដែលជាសះ​ស្បើយ​ពីជំងឺបេះ​ដូងចំហ គឺជាទូតសុឆន្ទៈ និងជាសាក្សីនៃមិត្ត​ភាពរវាងប្រជាជន​កម្ពុជានិងចិនក្រោមទម្រនៃមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner