អ៊ុយក្រែនថា រុស្ស៊ីគ្រប់គ្រងទឹកដីមានរ៉ែ៣៥០ពាន់លានដុល្លាររបស់ខ្លួន
បរទេស ៖ ប្រទេស អ៊ុយក្រែន បាននិយាយ កាលពីថ្ងៃអាទិត្យថា ធនធានរ៉ែសំខាន់ៗ តម្លៃ៣៥០ពាន់លានដុល្លារ កំពុងស្ថិតក្នុងទឹកដីដែលរុស្ស៊ី បានដណ្តើមកាន់កាប់។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko និយាយ ថា ធនធានសំខាន់ៗរបស់អ៊ុយក្រែនមានតម្លៃប្រហែល ៣៥០ ពាន់លានដុល្លារ ស្ថិតនៅក្នុងតំបន់ ដែលរុស្ស៊ីវាយដណ្តើមយក។ ការកត់សម្គាល់នេះ ធ្វើឡើងនៅពេលដែលទីក្រុង Kyiv កំពុងរុញច្រានប្រឆាំងនឹងការអំពាវនាវ របស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ធនធានរបស់អ៊ុយក្រែន ដែលត្រូវប្រើប្រាស់ជាសំណងដល់សហរដ្ឋអាមេរិកសម្រាប់ជំនួយដែលបានផ្តល់ ក្រោមការដឹកនាំ របស់អតីតប្រធានាធិបតី Joe Biden ។
ឧបនាយករដ្ឋមន្ត្រី Yulia Svyrydenko បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Kyiv ថា «យើងមានព័ត៌មានថា ជាអកុសល មានតម្លៃប្រហែល ៣៥០ ពាន់លានដុល្លារនៃរបស់សំខាន់ៗ ដែលមានប្រយោជន៍ទាំងនេះនៅក្នុងទឹកដី ដែលកាន់កាប់បណ្តោះអាសន្ន»។ លោកស្រី បានអះអាងថា ការប៉ាន់ស្មាននេះ គឺផ្អែកលើការស្ទង់មតិភូមិសាស្ត្រ និងទិន្នន័យប្រភពបើកចំហ។
គួរបញ្ជាក់ថា ប្រធានាធិបតី Volodymyr Zelensky ចង់បានការធានាសន្តិសុខជាក់ស្តែង ពីលោក Trump ជាថ្នូរនឹងការទទួលបានធនធានសំខាន់ៗដូចជាលីចូម ទីតាញ៉ូម អ៊ុយរ៉ាញ៉ូម និងលោហៈកម្រ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
