រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការរៀបចំសកម្មភាព​លំហែ​បៃតង ផ្តល់ផលប្រយោជន៍ដល់សហគមន៍នៅតំបន់ភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង​បរិស្ថាន កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បាន​អញ្ជើញ​​ចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមាន​អ្នក​ទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្ត​រជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅ​ក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើនសកម្មភាពលំហែបៃតង​ឱ្យកាន់​តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹង​សហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើង​ចំងាយ​ឡើងភ្នំ និងធ្វើដំណើរលើភ្នំ ប្រមាណ១០ គីឡូម៉ែត្រ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់​ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និងបន្តមកតំបន់ភ្នំខ្នងផ្សារ ដែល​រដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាល​ព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ស្របតាម គោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាម ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ក្រសួងបរិស្ថាន បានកំពុងពិនិត្យលើការអភិវឌ្ឍ​គោល​ដៅលំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្ត​ធម្មជាតិឬបេតិកភណ្ឌ ដែលមានសកម្មភាពលំហែបៃតង ដើម្បី​ផ្តល់ផលប្រយោជន៍ជាចំណូលដល់សហគមន៍។

សូមបញ្ជាក់ថា នៅថ្ងៃដដែល ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និង​​​​ប្រតិភូក្រសួងបរិស្ថាន បានអញ្ជើចុះពិនិត្យទីតាំងសម្រាប់​សាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយទៀត ក្នុងភូមិ​សាស្រ្តឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាល​ភាពព្រៃឈើកម្ពុជា ដែលមានសមត្ថភាពផលិតកូនឈើបាន​ជាច្រើនលានដើម ក្នុងមួយឆ្នាំ។

តាមរយៈការរួមចំណែក ដាំពីប្រជាជនគ្រប់មជ្ឈដ្ឋាន ទូទាំងប្រ​ទេស កម្ពុជានឹងសម្រេចគោលដៅ ឈានឆ្ពោះទៅជាប្រទេស​អព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើឱ្យបានច្រើន នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានា​ដល់​កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានសង្ឃឹមថា នឹងមានដើមឈើ​ចំនួន​​ប្រមាណ ៣លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ​យក​ទៅដាំស្តារព្រៃ និងដាំតាមទីសាធារណៈនានា នៅក្នុង​ឆ្នាំ២០២៥ ហើយពិសេសដែរនោះ គឺក្រសួងក៏គ្រោងដាំដើម​ត្នោតចំនួន ១លានដើមផងដែរ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានបន្តបណ្ដុះកូនឈើនៅតាមមន្ទីរបរិស្ថាននានា ទូទាំងប្រទេស និង រៀបចំថ្នាលបណ្ដុះកូនឈើ ខ្នាតតំបន់ ៥កន្លែង ជាបន្តបន្ទាប់ ដើម្បីបង្កើនការបណ្ដុះកូនឈើ ចែកជូន​ប្រជាពលរដ្ឋ យកទៅដាំស្តារព្រៃ ដាំតាមទីសាធារណៈ សំដៅ​លើកកម្ពស់ជីវភាពសហគមន៍ និងឈានឆ្ពោះទៅកាន់​ការ​អភិវឌ្ឍ ប្រកបដោយចីរភាព ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner