Trump ប្រកាសឲ្យអ៊ុយក្រែនសងជំនួយទាំងអស់
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ទទួលបានទាំងអស់មកវិញ នូវជំនួយរាប់ពាន់លានដុល្លារ ដែលបានផ្ញើទៅគាំទ្រអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ កំពុងចរចារ លើកិច្ចព្រមព្រៀងធនធានរ៉ែ។
អំឡុងសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម ហៅកាត់ថា CPAC នៅទឹកដីអាមេរិក កាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថា «ខ្ញុំកំពុងដោះស្រាយ ជាមួយប្រធានាធិបតី Zelensky ខ្ញុំកំពុងដោះស្រាយ ជាមួយប្រធានាធិបតី Putin ខ្ញុំកំពុងព្យាយាមយកលុយមកវិញ ឬ ធានាអ្វីមួយ»។ លោកបន្តថា «អឺរ៉ុបបានផ្តល់វា ក្នុងទម្រង់ជាប្រាក់កម្ចី ពួកគេទទួលបានប្រាក់របស់ពួកគេមកវិញ តែ យើងបានផ្តល់ឱ្យ ក្នុងទម្រង់ នៃការគ្មានអ្វីសោះ ដូច្នេះ ខ្ញុំចង់ឱ្យពួកគេផ្តល់ឱ្យយើងនូវអ្វីមួយ ជាថ្នូរនឹងប្រាក់ទាំងអស់ ដែលយើងបានបញ្ជូនទៅ»។
លោក Trump បានប្រាប់ទៀតថា «ខ្ញុំនឹងព្យាយាមធ្វើឱ្យការស្លាប់មនុស្សទាំងអស់នោះ បានបញ្ចប់…យើងកំពុងស្នើសុំដីកម្រ និងប្រេង អ្វីគ្រប់យ៉ាង ដែលយើងអាចទទួលបាន»។ លោកបន្តថា «យើងនឹងយកលុយរបស់យើងមកវិញ ព្រោះវាមិនយុត្តិធម៌ ហើយយើងនឹងឃើញ ប៉ុន្តែ ខ្ញុំគិតថា យើងជិតឈានដល់កិច្ចព្រមព្រៀងហើយ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
