បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក្នុងវិស័យអប់រំ ពិតជា មាន សារៈប្រយោជន៍ខ្លាំងចំពោះគ្រូឧទ្ទេស ក្នុងការចង់ក្រង និងស្រាវជ្រាវឯកសារសម្រាប់ការបង្រៀន

(ភ្នំពេញ)៖ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុន​ប្រចាំ​កម្ពុជា សហការគាំទ្រជាមួយវិទ្យាស្ថានជាតិអប់រំនិងកីឡា បានរៀបចំសិក្ខាសាលាស្តីអំពីការអភិវឌ្ឍន៍សម្ភារៈបង្រៀនផ្នែក បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ដល់សិក្ខាកាម​ដែលជាគ្រូឧទ្ទេសចំនួន ៤១នាក់ នៅវិទ្យាស្ថានជាតិអប់រំកាយ​និងកីឡា ។

លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ​និងកីឡា បានឱ្យដឹងថា សិក្ខាសាលាបំប៉នស្តីអំពីការអភិវឌ្ឍន៍​សម្ភារៈបង្រៀនផ្នែក បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT)មានរយៈពេល៣ថ្ងៃ បង្រៀនដោយ លោក SATO Yutaka ជាសាស្រ្តចារ្យមកពីប្រទេសជប៉ុន។ សិក្ខាសាលានេះ បានផ្តោតលើប្រធានបទសំខាន់ៗចំនួន២ មានដូចជា ទី១ ការធ្វើតេស្តកាយសម្បទា និងទី២ការប្រើប្រាស់បច្ចេកវិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ (ICT) ។

ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បាន​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការក្រៅរដ្ឋាភិបាល​បេះដូងមាស ដែលបានសហការជាមួយវិទ្យាស្ថានជាតិ​អប់រំ​កាយនិងកីឡា រៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីក្នុងការយល់ដឹងអំពីការអនុវត្តន៍តេស្តកាយសម្បទា។

ឯកឧត្តម បានពន្យល់ថា ក្រសួងអប់រំ យុវជន និងកីឡា ជាពិ​សេស​អគ្គនាយកដ្ឋានកីឡា និងភាគី​ពាក់​ព័ន្ធបានយកចិត្តទុក​ដាក់​ក្នុងអនុវត្តតាមឯកសារគតិយុទ្ធ និងយន្តការក្នុងការអភិវឌ្ឍ​ន៍​សមត្ថភាពគ្រូបង្រៀនអប់រំកាយ និងកីឡា ដោយផ្តោតលើ​ការ​លើក​កម្ពស់ការអប់រំ ការបណ្តុះ​បណ្តាល និងការអភិវឌ្ឍន៍​សមត្ថភាព។

ការយល់ដឹងអំពីសក្តានុពលនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានបានផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយ បង្កើនឱកាសអប់រំ​សម្រាប់បុគ្គល ឬសិស្សានុសិស្ស ក្នុងការពង្រឹងចំណេះដឹង ការស្រាវជ្រាវ ការសិក្សា ឬជំនាញផ្សេងៗ ព្រមទាំងសម្រេច​បាន​នូវ​លទ្ធផលអប់រំឱ្យកាន់តែប្រសើរឡើង។

បច្ចេកវិទ្យាក្នុងវិស័យអប់រំ ក៏កំពុងតែអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស​ដោយ​មានទាំងវិស័យរដ្ឋ និងឯកជនបានវិនិយោគក្នុងការ​បង្កើត​នូវកម្មវិធីបច្ចេកវិទ្យា ដើម្បីផ្តល់ភាពងាយស្រួលយ៉ាង​ទូលំ​ទូលាយក្នុងការជួយបង្កើនប្រសិទ្ធភាពការ​បង្រៀនរបស់​គ្រូឧទ្ទេសក៏ដូចជាការសិក្សារបស់សិស្សានុសិស្សផងដែរ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សូមលើកទឹក​ចិត្ត​ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំង​អស់បន្ត​ប្តេជ្ញា​ចិត្ត និងខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីសម្រេច​បាននូវគោលដៅ និងទទួលបានលទ្ធផលស្របតាមផែនការ និងយុទ្ធសាស្រ្តដែលបានគ្រោងទុករបស់ក្រសួងអប់រំ យុវជន និងកីឡា។

ដោយឡែក អ្នកគ្រូ ឈុន និមុល ជាគ្រូឧទ្ទេសនៃវិទ្យាស្ថាន​ជាតិ​អប់រំ​កាយនិងកីឡាបានបង្ហាញចំណាប់អារម្មណ៍ថា សិក្ខា​សាលារយៈពេល៣ថ្ងៃនេះ ជាចំណេះដឹងថ្មី ដែលជាការអភិ​វឌ្ឍន៍​សមត្ថភាពឈានទៅរកការបង្រៀនស្របតាម​បច្ចេក​វិទ្យា​សម័យទំនើប ។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីអំពី ការអភិវឌ្ឍសម្ភារៈបង្រៀន​ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT)នេះ មាន​សិក្ខា​កាមចូលរួមចំនួន៤១នាក់ ស្រី១៣នាក់ដែលជា​គណៈ​គ្រប់គ្រង និងមន្រ្ដីអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ព្រមទាំងមន្ត្រីចំនួន៥នាក់មកពីនាយកដ្ឋានអប់រំកាយ និង​កីឡា សិស្ស និស្សិត នាយកដ្ឋានជំនាញ និងកីឡាមហាជន និងអគ្គនាយកដ្ឋានកីឡា៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner