ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង នឹងផ្តល់ឱកាសស្រោចស្រពដំណាំ ស្រូវជាង មួយម៉ឺនហិកតានៅកំពង់ធំ
កំពង់ធំ៖ខណៈការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង ឬដែលហៅរត់ មាត់ថា ពាម សង់រួចរាល់នោះ នឹងធានាដល់ការ ដាំដុះស្រូវបានពីរ ដង ក្នុងមួយឆ្នាំដោយសុវត្ថិភាពលើផ្ទៃដីប្រមាណមួយម៉ឺនហិកតា ។ទំនប់ស្ទាក់ ទឹកស្ទឹងស្ទោង ស្ថិតនៅភូមិ ប្រកៀប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានប្រាប់ឱ្យដឹងកាល ពីចុង សប្ដាហ៍កន្លងទៅថា ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងជា ប្រព័ន្ធធារាសាស្ត្រដ៏ សំខាន់មួយ ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចកសិកម្មក្នុងតំបន់។កសិករអាចធ្វើស្រែបានពីរដងក្នុងមួយឆ្នាំ ខណៈទំនប់ផ្តល់នូវការ ស្រោចស្រពលើផ្ទៃដីជាងមួយម៉ឺនហិកតា។
ទំនប់ស្ទាក់ទឹកនេះ ត្រូវបានស្ថាបនាក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាន ទឹកនិងឧតុនិយម។វាមានតួនាទីយ៉ាងសំខាន់ក្នុងការស្តុកទឹកសម្រាប់កសិករនិងជាប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពល។លើសពីនេះទំនប់ស្ទាក់ទឹកនឹងបង្កើត តំបន់ សេដ្ឋកិច្ចកសិកម្មស្នូលមួយក្នុងស្រុកស្ទោង ដែលអាចបង្កើនផលិតភាព នៃការដាំស្រូវនិង ដំណាំផ្សេងៗ។
ក្រៅពីការជួយដល់ការធ្វើកសិកម្មនៅឃុំម្សាក្រង និងស្រុកស្ទោងទាំងមូល ទំនប់នេះក៏ផ្ដល់នូវអត្ថប្រយោជន៍ជាផ្លូវគមនាគមន៍ និងបម្រើឱ្យវិស័យ ទេសចរណ៍ផងដែរ។ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង ក៏ជាផ្លូវភ្ជាប់ពីស្រុក ស្ទោងខេត្តកំពង់ធំ ទៅស្រុកជីក្រែង ខេត្តសៀមរាប។
តើទំនប់ស្ទាក់ទឹកស្ទឹងស្ទោងឬ ពាម មានលក្ខណៈបច្ចេកទេសអ្វីខ្លះ? ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងមានប្រវែង ៥៥ ម៉ែត្រ,មានសំណង់ សិល្បការ ៤ កន្លែង,សំណង់ភ្ជាប់មុខដាច់ ១ កន្លែង,ទ្វារទឹក ចំនួន៣ប្រវែង ១៩ ម៉ែត្រ,ផ្លូវក្រួសក្រហមប្រវែង៨គីឡូម៉ែត្រភ្ជាប់ពីភូមិប្រកៀបទៅព្រំប្រទល់ខេត្តសៀមរាប,ស្ពានបេតុងអូរចកប្រវែង ៣៦ ម៉ែត្រ។
តាមរយៈទំនប់ស្ទាក់ទឹកមួយនេះនឹងជួយបង្កើនផលិតភាពកសិកម្ម និងបង្កើតអនាគតដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់៕



ដោយ៖ប៊ុន រដ្ឋា