អភិបាលខេត្តបាត់ដំបង ជំរុញដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់ការចាក់វ៉ាក់សាំងសត្វពាហនៈនៅតាមមូលដ្ឋាន
បាត់ដំបង៖នៅស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របីដោយមានការអញ្ជើញចូលរួមផ្ទាល់ពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។
ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបាត់ដំបង បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យកសិកម្មក្នុងនោះមានវិស័យចិញ្ចឹមសត្វផងដែរ។ឯកឧត្តមបានណែនាំដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត បសុសត្វ ត្រូវខិតខំពិនិត្យលើការងារកសិកម្មរបស់ប្រជាពលរដ្ឋ។ពិសេសលើការងារកសិកម្មចិញ្ចឹមសត្វនៅតាមមូលដ្ឋាន។ឯកឧត្តមចាត់ទុកសកម្មភាព
ចាក់វ៉ាក់សាំងការពារជំងឺសត្វ ពិសេសសត្វពាហនៈ ជាសកម្មភាពជួយបង្កើនសេដ្ឋកិច្ចគ្រួសារនៅតាមមូលដ្ឋាន។
មន្ត្រីជំនាញបានឱ្យដឹងថា កន្លងមកមន្រ្តីជំនាញនៃមន្ទីរកសិកម្ម ព្រមទាំងពេទ្យសត្វនៅតាមមូលដ្ឋាន បានអនុវត្តការងារចុះចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈបានមួយចំនួន ដូចជា ការពារជំងឺដុំពកលើស្បែក គោ-ក្របី, ការពារជំងឺសារទឹក,ការពារជំងឺអុតក្តាម,ការពារជំងឺជ្រូក៩មុខ និងការពារជំងឺឆ្កែឆ្កួតជាដើម៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.




