ឆ្នាំ២០២៤ការផលិតអំបិលទៅខេត្តកែបកើនឡើងជាងបីម៉ឺនតោន
កែប៖ខេត្តកែបកាលពីឆ្នាំ២០២៤កន្លងទៅប្រមូលផលអំបិលបានចំនួន ៤០ ៤០៨តោន លើផ្ទៃដីជាង៣០០ហិកតា។ចំនួននេះបានកើនឡើង ៣៧ ៣៨២តោន ស្មើនឹង ១.២៣៥ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលផលិតបានត្រឹមចំនួន ៣ ០២៦តោនប៉ុណ្ណោះ។
ក្នុងពិធីបិទសន្និបាតប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែបកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា សកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តបានដំណើរការយ៉ាងមមាញឹក តាមរយៈការបង្កើត និងបន្តដំណើរការសហគ្រាស សិប្បកម្ម និងសេវាកម្មនានា ។ជាក់ស្តែងទូទាំងខេត្តមានមូលដ្ឋានផលិតកម្ម, រោងចក្រ, សហគ្រាស និងសិប្បកម្មចំនួន ១៩៩ទីតាំង និងបង្កើតការងារជិត៧០០នាក់ ។បណ្ដាសកម្មភាពសេដ្ឋកិច្ចទាំងនេះប្រើប្រាស់ទុនវិនិយោគប្រមាណជាង ២,៩លានដុល្លារ ជាពិសេសគឺសិប្បកម្មផលិតអំបិល កំពុងធ្វើសកម្មភាពផលិតយ៉ាងផុលផុស សម្រាប់ផ្គត់ផ្គង់លើទីផ្សារទូទាំងប្រទេស។
លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ខេត្តកែបមានផ្ទៃដីស្រែអំបិលសរុប ៤៩៧.៨៧ ហិកតា ផ្ទៃដីស្រែផលិតជាក់ស្តែងមានចំនួន ៣៥១.៥ហិកតា ខណៈដីស្រែអំបិលផ្សេង ទៀតទុកចោលមិនផលិត ។ កាលពីឆ្នាំ២០២៤អំបិលលក់ចេញមានចំនួន ៣៧ ៤៣៣តោន កើនឡើងចំនួន ៣៦ ៧៩៧តោន ស្មើនឹង ៥ ៧៨៦ភាគរយ ។ក្នុងនោះតម្លៃអំបិលក្នុងមួយប៉ាវ(៥០គីឡូក្រាម) លក់បានចន្លោះពី ៥ ០០០រៀល ដល់ ១០ ០០០រៀល។ បច្ចប្បន្ន អំបិលសល់ក្នុងឃ្លាំង មានចំនួន ២ ៩៧៥តោន៕




ដោយ ៖សិលា សារិន