Macron និង Trump ប្តេជ្ញាធ្វើការរួមគ្នាលើអ៊ុយក្រែន ទោះគំនិតមិនដូចគ្នា

បរទេស៖ មេដឹកនាំបារាំង លោក Macron និង មេដឹកនាំអាមេរិក Trump បានប្តេជ្ញាធ្វើការរួមគ្នា លើអ៊ុយក្រែន ទោះបីជាមេដឹកនាំទាំងពីរ មានរបៀបស្វែងរកដំណោះស្រាយផ្សេងគ្នា លើបញ្ហានេះ ក៏ដោយ។

ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទ បានជួបជាមួយ ប្រធានាធិបតីបារាំង Emmanuel Macron នៅការិយាល័យ រាងពងក្រពើ នៃសេតវិមាន ក្នុងទីក្រុង Washington, DC ជាកន្លែងដែលពួកគេព្យាយាម ធ្វើឱ្យមានភាពរលូន លើជម្លោះឆ្លងមហាសមុទ្រអាត្លង់ទិក នេះ។

ប្រធានាធិបតីបារាំង បានព្រមានថា សន្តិភាពមិនអាចមានន័យថា ជាការចុះចាញ់ របស់អ៊ុយក្រែននោះទេ ប៉ុន្តែ បាននិយាយថា ការពិភាក្សា ជាមួយប្រធានាធិបតីអាមេរិក Donald Trump បានបង្ហាញពីផ្លូវ ឆ្ពោះទៅមុខ។

ប្រធានាធិបតីអាមេរិកវិញ បាននិយាយថា លោកមានទំនុកចិត្ត ក្នុងការបញ្ចប់សង្គ្រាម ហើយលោករំពឹងថា លោក Zelensky នឹងមកសេតវិមាន ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ហើយចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់សិទ្ធិឱ្យទីក្រុងវ៉ាស៊ីនតោន ចូលទៅកាន់ រ៉ែដ៏កម្រ របស់អ៊ុយក្រែន។

ក្រោយមក លោក Macron បានយល់ព្រមថា បទឈប់បាញ់អាចធ្វើទៅបាន ក្នុងរយៈពេល «ប៉ុន្មានសប្តាហ៍» នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ។ ទន្ទឹមនឹងនោះ លោក Trump បានបន្ថែមថា លោក ពូទីន បានត្រៀមខ្លួនរួចជាស្រេចដើម្បី «ទទួលយក» កងទ័ពអឺរ៉ុប ដែលដាក់ពង្រាយ ក្នុងប្រទេសអ៊ុយក្រែន ជាអ្នកធានានៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការប្រយុទ្ធ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner