មឈូសមេ Hezbollah បញ្ជូនដល់បញ្ចុះសពនៅលីបង់

បរទេស៖ អ្នកកាន់ទុក្ខបានដឹកជញ្ជូន មឈូសរបស់ លោក Hashem Safieddine ដែលជាឥស្សរជនជាន់ខ្ពស់ របស់ក្រុមសកម្មប្រយុទ្ធ Hezbollah ទៅកន្លែងបញ្ចុះសពរបស់លោក នៅភាគខាងត្បូង នៃប្រទេសលីបង់ ដែលជាស្រុកកំណើត គឺ តំបន់ Deir Qanun al-Nahr កាលពីថ្ងៃចន្ទ។

លោក Safieddine ត្រូវបានគេជ្រើសរើស ឱ្យស្នងតំណែង ប្រធានក្រុម Hezbollah ជំនួសលោក Hassan Nasrallah បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី ២៧ ខែកញ្ញា លើជាយក្រុងភាគខាងត្បូងក្រុង Beirut ប៉ុន្តែ ត្រូវបានគេសម្លាប់ ក្នុងការវាយប្រហារ របស់អ៊ីស្រាអែលប្រហែល មួយសប្តាហ៍ ក្រោយមក។

រថយន្តដឹកមឈូស បានរំកិលយឺតៗ ឆ្លងកាត់ហ្វូងមនុស្ស រាប់ពាន់នាក់ ដោយមានពាក់អាវពណ៌ខ្មៅ និងទង់ជាតិពណ៌លឿង តំណាងក្រុម Hezbollah ។ ក្បួនដង្ហែឆ្ពោះ ទៅកាន់កន្លែងបញ្ចុះសព នៅជិតអាកាសយានដ្ឋាន ហើយមានការការផ្សាយបន្តផ្ទាល់ ដោយទូរទស្សន៍ Al-Manar TV បង្ហាញសមាជិកក្រុមហេសបូឡា ក្នុងឯកសណ្ឋានយោធា។

មេដឹកនាំក្រុម Hezbollah បាននិយាយថា «ការតស៊ូ» មិនទាន់ចប់នោះទេ។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ប្តេជ្ញា “តស៊ូ” ប្រឆាំងនឹងអ៊ីស្រាអែល ក្នុងពេលក្រុមហេសបូឡា បានរៀបចំពិធីបុណ្យសព។ លោក Ayatollah Ali Khamenei បានសរសើរ Nasrallah ថា ជា «អ្នកប្រយុទ្ធដ៏អស្ចារ្យម្នាក់ និងជាអ្នកដឹកនាំ ដ៏លេចធ្លោ» ហើយចាត់ទុក លោក Safieddine ថាជា «អ្នកទុកចិត្តដ៏ជិតស្និទ្ធ និងជាផ្នែក មិនអាចកាត់ផ្តាច់បាន នៃអ្នកដឹកនាំ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner