មន្ត្រីជាន់ខ្ពស់៖ជនមានពិការភាពនៅក្នុងខេត្តកំពង់ស្ពឺ​ទទួលបាន​ការ​លើកទឹកចិត្តឱ្យចូលធ្វើការរដ្ឋ និងឯកជន​ច្រើនជាង​ការកំណត់

កំពង់ស្ពឺ៖ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថា នៅខេត្តកំពង់ស្ពឺជនមានពិការភាព​ជាង២.០៨ភាគរយ​ទទួល​ការលើកទឹក​ចិត្ត​ឱ្យចូលធ្វើការ​ក្នុងស្ថាប័នរដ្ឋ និង១.៥ភាគរយ​ បានចូលបម្រើការងារក្នុងវិស័យឯកជន។ចំនួននេះ​បានលើសពីអ្វីដែល​បានកំណត់ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីជនពិការភាពឆ្នាំ២០២៤-២០២៨ដល់សមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាព​ជនពិការខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុង សម្បត្តិ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទាបានគូសរំលេចថា​អនុក្រឹត្យរបស់រាជ​រដ្ឋាភិបាល​បានតម្រូវឱ្យមាន​ការជ្រើសរើសជនមានពិការភាពឱ្យចូលធ្វើការជាមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាក្នុងស្ថាប័នរដ្ឋចំនួន២ភាគរយ និងខណៈវិស័យឯកជនចំនួន១ភាគរយ។ដូចនេះអ្វីដែលអនុវត្តនៅខេត្តកំពង់ស្ពឺ គឺច្រើនជាងការកំណត់។

ក្នុងកម្មវិធីដែលមានវត្តមានលោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តនិង​វត្តមានប្រធាន អនុប្រធានមន្ទីរ អង្គភាព និង​រដ្ឋបាលក្រុង ស្រុក ពាក់ព័ន្ធចូល​រួមផង ឯកឧត្តម អ៊ុង សម្បត្តិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ សម្តេចបានលើកស្ទួយ​វិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជន​មាន​ពិការភាព គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព ។ជនមានពិការភាពអាច​បានចូលរួមគ្រប់សកម្មភាពក្នុងសង្គ​ម ទាំងការទៅចុះ​ឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត ។

ឯកឧត្តមបន្ថែមថា ដើម្បីធានាដល់បរិយាបន្ននិងសមភាពសម្រាប់ជន​មាន​ពិការភាព រាជរដ្ឋាភិបាលបានដាក់​ចេញនូវ​ផែនការយុទ្ធសាស្ត្រជាតិ​ស្តីពី​ពិការភាពឆ្នាំ២០២៤-២០២៨ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់​ទម្រង់កេងប្រវ័ញ្ច និងរើសអើងលើជនមានពិការភាព ធ្វើយ៉ាងណាឱ្យជន​មានពិការភាពកាន់តែទទួលបាននូវការគាំទ្រពីសង្គម ។ទទួលបាន​ការយក​ចិត្តទុកដាក់ស្របតាមច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិនិង​មានសិទ្ធិស្មើគ្នា៕
អត្ថបទ៖ម៉ុន សំអាត

ads banner