សម្ពោធឆ្លងសមិទ្ធផលវត្តទួលឡូវ តម្លៃជាង៤០ម៉ឺនដុល្លារ នៅស្រុកចំការលើ
កំពង់ចាម៖សមិទ្ធផលនានា មាន ឧបដ្ឋានសាលា ផ្លូវបេតុង ជាដើម នៅវត្តពោធិធម្មរង្សី ហៅ វត្តទួលឡូវ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមបានសម្ពោធឆ្លងកាលពីថ្ងៃទី២៥ ខែកុម្ភៈក្រោមវត្តមានចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឧកញ៉ា លី យូគៀក ព្រមទាំងរដ្ឋបាលខេត្ត ស្រុក ឃុំ ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ស្របពេលវិស័យអាណាចក្រ កំពុងតែបោះជំហាន រីកចម្រើនលើកគ្រប់វិស័យ វិស័យពុទ្ធចក្រក៏កំពុងតែមានការរីកចម្រើនទៅមុខឥតឈប់ឈរផង ។បច្ចុប្បន្ន ការសាងសង់ឧបដ្ឋានសាលា គឺត្រូវការប្រើប្រាស់ថវិកាជាច្រើន។ដោយសារវិស័យអាណាចក្រមានការរីកចម្រើន ទើបធ្វើឱ្យប្រជាពលរដ្ឋ អាចមានលទ្ធភាព មាន ធនធានក្នុងការចូលរួមជាបច្ច័យ ដើម្បីកសាងនូវសមិទ្ធផលនានាក្នុងវត្តអារាម ជាពិសេសគឺការ កសាងឧបដ្ឋានសាលា ក្នុងវត្តនេះតែម្តង ដែលត្រូវប្រើប្រាស់បច្ច័យអស់ជិត ៤២ម៉ឺនដុល្លារ ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមជំរុញកូនចៅឱ្យខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយទៅជាធនធានមនុស្សដែលមានសក្តានុពលសម្រាប់បន្តវេនក្នុងការកសាងជាតិ។ត្រូវជៀសឱ្យផុតពីគ្រឿងញៀន ពីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា៕





ដោយ៖លី ពៅ