កម្ពុជា ត្រូវលើកកម្ពស់បរិយាកាសវិនិយោគ និង​បង្កើន​ភាព​ងាយស្រួលក្នុងការធ្វើធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគ

(ភ្នំពេញ)៖ កម្ពុជាត្រូវលើកកម្ពស់បរិយាកាសវិនិយោគ និង​បង្កើនភាពងាយស្រួលក្នុងការធ្វើធុរកិច្ច ដើម្បីទាក់ទាញការវិនិ​យោគទាំងក្នុងស្រុក និងពីបរទេស រួមទាំងទាក់ទាញ ឧស្សាហ​កម្មដែលនឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ដោយត្រៀម​ធ្វើជា​មជ្ឈ​មណ្ឌលផលិតកម្មជំនួស ។

ការថ្លែងរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រី​ប្រចាំ​ការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ធ្វើឡើង ក្នុង​ពិធីបិ​ទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង​លើក​ទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ បានបញ្ជាក់បន្តថា ការ​អភិវឌ្ឍមូលធនមនុស្ស តាមរយៈការលើកម្ពស់សុខភាព និង​ការបណ្តុះបណ្តាលជំនាញបច្ចេកទេស នឹងជំរុញផលិតភាព ព្រមទាំងទាក់ទាញឧស្សាហកម្មមិនប្រពៃណី ដែលផ្តល់តម្លៃ​បន្ថែមខ្ពស់។ លើសពីនេះ ការបង្កើតបរិយា​កាសគាំទ្រ​សម្រាប់​សហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ ក្នុងចំណោម​សហគ្រាសធុនតូច និងមធ្យម, ការកែលម្អវិស័យគាំទ្រ ដូចជា​ឡូជីស្ទីក ទូរគមនាគមន៍ និងឌីជីថល, ការកាត់​បន្ថយថ្លៃ​ដើម​ផលិតកម្ម រួមទាំងថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូន នៅតែជា​អាទិភាព ដើម្បីកម្ពុជាក្លាយជាគោលដៅវិនិយោគ​សំខាន់​មួយនៅក្នុងតំបន់។ ការអនុវត្តគោលការណ៍ផលិតកម្ម​ដែល​មានមេត្រីភាពបរិស្ថាន សង្គម និងអភិបាលកិច្ច ព្រមទាំង​ការអភិវឌ្ឍឧស្សាហកម្មបៃតង ក៏ជានិន្នាការសកល ដែលអាច​ពង្រឹងមូលដ្ឋានសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ការផ្លាស់ប្តូរ ទាំងនេះនឹងលើកកម្ពស់​ភាពប្រកួត​ប្រ​ជែង​របស់យើង បង្កើនភាពធន់ទៅនឹងវិបត្តិ និងគាំទ្រកម្ពុជា ក្នុងដំណើរចាកចេញពីឋានៈជាប្រទេស​អភិវឌ្ឍន៍តិចតួច​ដោយ​ជោគជ័យ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវាកម្ម, ក្រសួងបាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ឧស្សាហកម្ម៤.០ ស្របតាមនិន្នាការថ្មីនៃពិភពលោក ក្នុងការត្រៀមរៀបចំ​ខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីចាប់យកឱកាសជំរុញ​ការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា ជំរុញនិងលើកកម្ពស់ ការស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការគ្រប់គ្រងនិងកាត់​បន្ថយ​នូវហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ​ដោយ​បច្ចេកវិទ្យា។

ក្រសួងបានកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការងារអភិវឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យថ្មី និងតម្រង់​ទិសថ្មី រួមជាមួយការបង្កើត និងកែសម្រួល ក្របខ័ណ្ឌគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រពាក់ព័ន្ធនានា ដើម្បីរួមចំណែកត្រៀម​កម្ពុជា ក្នុងដំណើរចាកចេញពីឋានៈប្រទេសមាន​ការអភិវឌ្ឍន៍​តិចតួចនៅឆ្នាំ២០២៩ ដោយជោគជ័យ។

គួរកត់សម្គាល់ថា វិស័យកម្មន្តសាល ទាំងកាត់ដេរ និងមិនមែន​កាត់ដេរ បានចូលរួមចំណែកច្រើនជាងគេដល់​កំណើន​សេដ្ឋ​កិច្ច ។ ការនាំចេញនៅឆ្នាំ២០២៤ សម្រេចបានកំណើន ១៥,៧ភាគរយ ហើយផលិតផលកម្ពុជា កាន់តែច្រើនកំពុង​បោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner