សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំ កំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា»
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ជាលើកដំបូងនៅកម្ពុជា ដែលរៀបចំដោយអង្គការ សម្ព័ន្ធពិភពឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។
ឯកឧត្តម អ្នកឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងថា កិច្ចប្រជុំកំពូលលើកទី១ របស់អង្គការសម្ព័ន្ធពិភពឥស្លាមនៅលើទឹកដី កម្ពុជា គឺជាការបង្ហាញយ៉ាងច្បាស់ ពីសាមគ្គីភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និង ថែទាំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និង ស្ថិរភាពយូរអង្វែងរបស់កម្ពុជា ។
ឯកឧត្តម អ្នកឧកញ៉ា បានបញ្ជាក់ថា លើសពីនេះ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះនឹងបង្ហាញដល់បណ្តាប្រទេសដែលជាសមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាម បណ្តារដ្ឋ ៥៧ប្រទេស ដែលជាសមាជិក នៃអង្គការសហប្រតិបត្តិការ ឥស្លាម(OIC) និងប្រទេសនានានៅលើសាកលលោក បានឃើញថា កម្ពុជាអាចចាត់ទុកជាប្រទេសគម្រូមួយ ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និងទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាពជំនឿ សាសនារបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស បងប្អូនសាសនិកឥស្លាម ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជា មានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញ ដល់ប្រជាជនរបស់ខ្លួន ដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍។
សម្ដេចបវរធិបតី បានបន្តថា សមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត ២ពាន់លាននាក់ និងអង្គរការសម្ព័ន្ធពិភពឥស្លាម រួមទាំងបណ្តាប្រទេសជាច្រើនទៀត គឺថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនេះ បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយប្រៀបយកកម្ពុជា ធ្វើជាគំរូដ៏ល្អ នៃប្រទេសដែលមានសុខដមនីយកម្មជាតិសាសន៍ និងសាសនា រវាងឥស្លាម ៥% ព្រះពុទ្ធសាសនា ប្រមាណ ៩៣% និងសាសនាផ្សេងៗ ២% ដែលមានសាមគ្គីភាពនឹងគ្នា ប្រកបដោយការអត់ឱន ដើម្បីជាការបញ្ជាក់ពីវឌ្ឍនភាពសាសនានៅកម្ពុជា ទើបសម្រេចចិត្តមករៀបចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា ដែលជានេះជាលើកទី១ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ











