សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ចំនួនពីរ
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩ និង ៣០នាទីព្រឹក ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ ជាវិសាមញ្ញ ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ដោយមានវត្តមាន សមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៥រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
សេចក្តីព្រាងច្បាប់ថ្មីនេះ រៀបចំឡើងដើម្បីកំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ វិលត្រឡប់មកវិញនៅកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ និងជាតម្រូវការចាំបាច់ ដើម្បីការពារទប់ស្កាត់មិនឱ្យរបបដ៏ឃោរឃៅព្រៃផ្សៃនេះវិលត្រឡប់មកវិញក្នុងសង្គមជាតិ ក្នុងពេលដែលប្រជា-ពលរដ្ឋកម្ពុជាគ្រប់រូបកំពុងរស់នៅប្រកបដោយសេចក្តីសុខពេញលេញក្រោមដំបូលសន្តិភាព ហើយក៏ឆ្លុះបញ្ចាំងពីភាពម៉ឺងម៉ាត់ ហ្មត់ចត់ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតខ្ពស់ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៧មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ៥រូប បានឡើងមានយោបល់រួចមក ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៥សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជា បណ្តោះអាសន្ននូវវត្ថុចាប់យក។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់ នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។
សេចក្តីព្រាងច្បាប់នេះ ក៏ជាការបំពេញបន្ថែមនូវភាពខ្វះចន្លោះនៃបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌផង និងដើម្បីអាចឱ្យព្រះរាជអាជ្ញា និងចៅក្រមធ្វើការចាត់ចែងនូវវត្ថុចាប់យកនៅក្នុងគ្រប់ដំណាក់កាលនីតិវិធីព្រហ្មទណ្ឌផង សំដៅធានារក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យក ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់នៃវត្ថុចាប់យក ឬបុគ្គលពាក់ព័ន្ធផ្សេងទៀត និងផលប្រយោជន៍សាធារណៈព្រមទាំងធានាការកាត់បន្ថយបន្ទុកចំណាយក្នុងការគ្រប់គ្រងនិងថែរក្សានូវវត្ថុចាប់យកផងដែរ។ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះវត្ថុទាំងអស់ដែលត្រូវបានចាប់យកនៅគ្រប់ដំណាក់កាល នៃនីតិវិធីនៅក្នុងរឿងក្តីព្រហ្មទណ្ឌ លើកលែងតែមានបទប្បញ្ញត្តិចែងផ្សេងពីនេះ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៤ជំពូក និង ១៥មាត្រា ត្រូវបានរដ្ឋសភា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ២រូប បានឡើងមានយោបល់រួចមក ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៥សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



















