ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ សមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ បានចូលរួមចំណែកលើកកម្ពស់ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់កុមារ
(កណ្តាល)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)បានសម្ដែងនូវការកោតសរសើរដល់សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់កុមារ ជាពិសេសសិទ្ធិសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត រួមទាំងសិទ្ធិទទួលបានការអប់រំ ជាដើម ។
នេះជាការលើកឡើងរបស់ ឯកឧត្តម កែវ រ៉េមី ក្នុងឱកាសនាំយកថវិកា គ្រឿងឧបភោគបរិភោគ ព្រមទាំងថ្នាំពេទ្យមួយចំនួនទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ ដែលមានទីតាំងក្នុងភូមិជើងកើប ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានសាទរចំពោះការគ្រប់គ្រងប្រកបដោយភាពត្រឹមត្រូវ មិនមានការរំលោភបំពានដល់សិទ្ធិកុមារដែលរស់នៅទីនោះឡើយ ហើយក្នុងករណីកុមាររស់នៅទីនេះមានបញ្ហាសុខភាពអាចទំនាក់ទំនងមកក្រុមការងារ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីជួយអន្តរាគមន៍ក្នុងការនាំយកកុមារទៅកាន់មន្ទីរពេទ្យឱ្យទាន់ពេលវេលា ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រង និងបុគ្គលិកសមាគមទាំងអស់ ឱ្យបន្ដយកចិត្តទុកដាក់មើលថែទាំកុមារ និងត្រូវចៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើមិនគប្បី ឬការរំលោភបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យចូលរួមឧបត្ថម្ភគាំទ្រដល់សមាគមនេះ ក៏ដូចជាមណ្ឌលកុមារកំព្រាផ្សេងៗទៀត ដែលជាកាយវិការមួយប្រកបដោយស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងជាការចូលរួមការលើកកម្ពស់សិទ្ធិកុមារ ។
សូមបញ្ជាក់ជូនថា នេះជាលើកទី៣ហើយ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនសមាគមនេះ ដោយផ្ទាល់ ដើម្បីជាការរួមចំណែកជួយសម្រាលបន្ទុករបស់សមាគមផង ហើយក៏ក្នុងគោលបំណងដើម្បីធានាដល់ការទទួលបានសិទ្ធិសេរីភាពជាមូលដ្ឋាននានារបស់កុមារដែលកំពុងរស់នៅទីនោះផងដែរ ។
កន្លងមក ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភអង្ករចំនួន ១៥០គីឡូក្រាមក្នុងមួយខែជារៀងរាល់ខែដល់សមាគមនេះ ពោលគឺចាប់តាំងពីខែមីនាឆ្នាំ២០២៣ មកម៉្លេះ ។ ទំនាក់ទំនងរវាង គ.ស.ម.ក. និងសមាគមនេះ ផ្ដើមចេញពីការងារការពារសិទ្ធិរបស់កុមារដែលប្រឈមនឹងបញ្ហាផ្សេងៗ ហើយពួកគេគ្មានសាច់ញាតិនិងគ្មានទីពឹង ទើប គ.ស.ម.ក. ខិតខំស្វែងរកទីកន្លែងស្នាក់នៅដែលពួកគេអាចរស់នៅបាន និងអាចមានអនាគតល្អទៅថ្ងៃខាងមុខ ៕





ដោយ / គ្រី សម្បត្តិ