រុស្ស៊ីចោទថា អឺរ៉ុបកំពុងព្យាយាមរារាំងការចរចាសន្តិភាពអ៊ុយក្រែន
មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទថា សហភាពអឺរ៉ុបកំពុងព្យាយាមបង្អាក់ដំណើរការចរចាសន្តិភាពអ៊ុយក្រែន ដើម្បីជំរុញឲ្យទីក្រុងកៀវបន្តការប្រយុទ្ធតតាំងនឹងរុស្ស៊ី។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅប្រទេសកាតាកាលពីថ្ងៃពុធ លោក Lavrov បាននិយាយថា នៅពេលទិដ្ឋភាពនយោបាយទាក់ទងនឹងជម្លោះចាប់ផ្តើមផ្លាស់ប្តូរ អឺរ៉ុបបានស្វែងរកឱកាសធ្វើឱ្យខូចនិន្នាការនេះ តាមរយៈប្រកាសកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន និង ញុះញង់ឱ្យបន្តសកម្មភាពយោធា។
ប្រមុខការទូតរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា អឺរ៉ុបដែលដើរតួជាអ្នកបង្កើតវិបត្តិ និងកសាងកេរ្តិ៍ឈ្មោះនៅក្នុងតំបន់នេះ ជាច្រើនសតវត្សមកហើយនៅតែមិនផ្លាស់ប្តូរ ហើយថា វិធីសាស្រ្តរបស់អឺរ៉ុប ចំពោះសង្គ្រាមអ៊ុយក្រែន គឺ “ហួសសម័យ និងបរាជ័យ”។
កាលពីសប្តាហ៍មុន សារព័ត៌មាន Politico បានរាយការណ៍ថា អឺរ៉ុបកំពុងរៀបចំកញ្ចប់ជំនួយយោធាថ្មីទំហំ ៦.៣ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយតាមការរំពឹងទុកនោះ វានឹងកើនឡើងជាង ១០ ពាន់លានដុល្លារ៕


ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា