ថ្ងៃនេះ! មន្ត្រីរុស្ស៊ី-អាមេរិកនឹងជួបគ្នាម្តងទៀត

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថា អ្នកការទូតរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងជួបប្រជុំគ្នា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការដោះស្រាយបញ្ហា ទាក់ទងនឹងស្ថានទូត ចំពេលមានការបន្ធូរបន្ថយទំនាក់ទំនង រវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយបែបនេះ កាលពីថ្ងៃពុធ ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកាតា។

ជាការកត់សម្គាល់ ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ឡើងកាន់តំណែងមក អ្វីៗ មានការប្រែប្រួល ក្នុងនោះ មានទាំងគម្រោងណាត់ជួបគ្នារវាង មេដឹកនាំរុស្ស៊ី លោក Vladimir Putin និងលោក ប្រធានាធិបតីអាមេរិក Trump ជាលើកដំបូង តាំងពីមានសង្គ្រាមនៅអ៊ុយក្រែន ជាង៣ឆ្នាំ ទៀតផង។

មន្ត្រីរុស្ស៊ីថា កិច្ចប្រជុំចុងក្រោយបង្អស់ នឹងផ្តោតលើការដោះស្រាយបញ្ហាការទូត បន្ទាប់ពីប្រទេសនីមួយៗ បានបណ្តេញបុគ្គលិកស្ថានទូត ទៅវិញទៅមក ក្នុងអំឡុងពេលរដ្ឋបាល របស់អតីតប្រធានាធិបតីអាមេរិក Joe Biden។

ជំនួបលើកទី២ ក្នុងខែនេះ គ្រោងធ្វើឡើង ក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានជួបគ្នា ម្តងរួចមកហើយ ក្នុងខែកុម្ភៈនេះ នៅប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner