Donald Trump ថាចង់ទិញរ៉ែរបស់រុស្ស៊ី
បរទេស៖ មេដឹកនាំអាមេរិក លោក Donald Trump បាននិយាយថា លោកចង់ទិញរ៉ែ នៅលើទឹកដីរុស្ស៊ី។
ខណៈកំពុងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ នៅក្នុងការិយាល័យ Oval Office នៅសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ លោក ប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់អ្នកសារព័ត៌មាន នៅសេតវិមានថា «ខ្ញុំចង់ទិញរ៉ែនៅលើដីរុស្ស៊ី ផងដែរ»។
ជាការលើកឡើង ក្រោយមួយថ្ងៃ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទើបបាននិយាយថា ការអភិវឌ្ឍឧស្សាហកម្មរ៉ែកម្រ គឺជាអាទិភាពជាយុទ្ធសាស្ត្រ ដែលនឹងលើកកម្ពស់ការប្រកួតប្រជែងជាសកល កំណើនសេដ្ឋកិច្ច និងគុណភាពជីវិតរបស់រុស្ស៊ី។ ថ្មីៗនេះ ភាគីរុស្ស៊ី ហាក់បង្ហាញបំណងចង់វិនិយោគរ៉ែ ជាមួយសហរដ្ឋអាមេរិកផងដែរ ដោយអះអាងថា ខ្លួនមានរ៉ែច្រើនណាស់ ជាទុនបម្រុងដ៏ច្រើន បើអាមេរិកត្រូវការ។
យ៉ាងណាមិញ ជុំវិញបំណងចង់ទិញរ៉ែរុស្ស៊ី លោក Donald Trump មិនបាននិយាយអ្វីលម្អិត បន្ថែមទៀតទេ ប៉ុន្តែ ការលើកឡើងនេះ បានកើតឡើង ស្របពេលដែលមេដឹកនាំអ៊ុយក្រែន លោក Zelensky គ្រោងនឹងទៅសេតវិមាន ជួបនិយាយពីរឿងកិច្ចព្រមព្រៀងរ៉ែកម្រ ជាថ្នូរនឹងជំនួយរបស់អាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត