Zelensky ទទូចសុំរឿង១ចាំបាច់ មុនទៅអាមេរិក ស្អែកនេះ
បរទេស ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky ទទូចលើ «ការធានាសុវត្ថិភាព» មុនពេលមានដំណើរទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃស្អែកនេះ។
ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃពុធថា ការធានាសន្តិសុខមានសារៈសំខាន់ មុនពេលកិច្ចពិភាក្សា នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រ ត្រូវនឹងថ្ងៃសៅរ៍ ម៉ោងនៅកម្ពុជា។ ទស្សនកិច្ចនេះ ត្រូវបានគេដឹងថា ផ្តោតលើកិច្ចព្រមព្រៀង ធនធានរ៉ែ។
លោក Zelensky បាននិយាយ នៅក្នុងសុន្ទរកថា តាមរយៈវីដេអូ ពេលល្ងាចជាប្រចាំ របស់លោកថា «ការធានាសន្តិភាព និងសន្តិសុខ គឺជាគន្លឹះក្នុងការរារាំងប្រទេសរុស្ស៊ី ពីការបំផ្លាញអាយុជីវិត របស់ប្រជាជាតិ ដទៃទៀត»។
ថ្មីៗនេះ អ៊ុយក្រែនបានព្រមចុះហត្ថលេខាផ្តល់រ៉ែកម្រ តម្លៃ៥០០ពាន់លានដុល្លារអាមេរិក ជាថ្នូរនឹងជំនួយរបស់អាមេរិកជួយអ៊ុយក្រែន ក្នុងសង្គ្រាម ជាង៣ឆ្នាំមកនេះ។ ជាការសម្រេចចិត្តដ៏តានតឹង ក្រោយពេលរងសំពាធបន្តបន្ទាប់ពី លោកប្រធានាធិបតី Donald Trump៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត