បណ្ឌិត សួន សេរីរដ្ឋា៖ ការបង្កើត “ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា” ចង់នាំការបះបោរដោយប្រើកម្លាំងប្រជាពលរដ្ឋដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺមិនអាចកើតមានបានទេនៅកម្ពុជា
ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ថា សមាជបង្កើត “ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា” របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលចង់នាំការបះបោរដោយប្រើកម្លាំងប្រជាពលរដ្ឋដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដូចលោកស្រី មូរ សុខហួរ បានលើកឡើងនោះ គឺមិនអាចកើតមានបានទេនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមានច្បាប់រដ្ឋធម្មនុញ្ញ គោរពច្បាប់រដ្ឋធម្មនុញ្ញជាធំ ហើយដែលជាប្រទេសគោរពនូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានការបោះឆ្នោតទៀងទាត់រៀងរាល់៥ឆ្នាំម្តងៗ ទាំងរដ្ឋសភា ទាំងក្រុមប្រឹក្សាឃុំសង្កាត់ ទាំងព្រឹទ្ធសភា ទាំងក្រុមប្រឹក្សាខេត្ត រាជធានី និងក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង នៅទូទាំងប្រទេស គ្រាន់តែចន្លោះនៃការបោះឆ្នោត នៃអាណត្តិនីមួយៗខុសគ្នា ប៉ុន្តែយន្តការប្រជាធិបតេយ្យរបស់កម្ពុជាដែលបានបង្កើតបដិសន្ធិតាំងពីឆ្នាំ១៩៩៣ មកដល់ពេលនេះ គឺកាន់តែរីកចម្រើនប្រសើរ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានបន្តថា បុគ្គល សម រង្ស៊ី មូរ សុខហួរ និងក្រុមបក្ខពួកឧទ្ទាមនយោបាយដែលធ្វើនយោបាយមិនមែនប្រយោជន៍ប្រជាជន និងប្រយោជន៍ប្រទេសជាតិ ហើយមិនមែនដើម្បីគោរពច្បាប់រដ្ឋធម្មនុញ្ញទេ គឺពួកគេតែងតែរំលោភច្បាប់រដ្ឋធម្មនុញ្ញ ប្រមាថអង្គព្រះមហាក្សត្រ និងធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋបះបោរ អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងមកទម្លាក់រដ្ឋាភិបាល។ បណ្ឌិតសួន សេរីរដ្ឋា បានអះអាងថា ពួកគេគឺជាក្រុមឧទ្ទាមនយោបាយ ហើយមិនយូរមិនឆាប់ទេនឹងក្លាយទៅជាក្រុមភេរវករដែលបង្កនៅអំពើភេវរកម្មប្រឆាំងនឹងសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញ ប្រឆាំងនឹងច្បាប់គណបក្សនយោបាយ ប្រឆាំងនឹងច្បាប់បោះឆ្នោតរបស់កម្ពុជា។
សូមជម្រាបថា គណបក្សនយោបាយ និងសង្គមស៊ីវិលបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ មិនគាំទ្រចំពោះអ្វី ដែលហៅថា “ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា”របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកនេះឡើយ និងសូមថ្កោលទោសនូវរាល់ចេតនាទាំងឡាយណាដែលប៉ុនប៉ងចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ដែលកើតចេញមកពីការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌៕
ដោយ៖ពលជ័យ