លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រំលឹកដល់និស្សិតជ័យលា​ភី​អាហា​រូបករណ៍ អ.ម.ត ទាំងអស់អំពីក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ និងសកម្មភាព​ស្ម័គ្រចិត្ត

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានរំលឹក​ដល់និស្សិតជ័យលាភីអាហារូបករណ៍ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)ទាំងអស់ថា ត្រូវមាន​ក្រមសីលធម៌ ឥរិយាបថថ្លៃថ្នូរ គោរពផ្តល់តម្លៃដល់អ្នកជិតខាង ក៏ដូចគោរពច្បាប់ និង បទបញ្ញតិនានារបស់សាកលវិទ្យាល័យ ព្រមទាំង​មានការចូលរួម​សកម្មភាពស្ម័គ្រចិត្តក្នុងសង្គម ។

ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសរំលេចថា ការអប់រំ គឺជា​កូនសោរមួយដ៏សំខាន់ សម្រាប់ការត្រៀមលក្ខណៈរបស់កម្ពុជា ចូលប្រឡូកក្នុងសមរភូមិសេដ្ឋកិច្ច ដែលពោរពេញ​ដោយការរត់​ប្រណាំងបច្ចេកវិទ្យា នវានុវត្តន៍ខ្ពស់ និងភាពច្នៃប្រឌិត ដែលជាកត្តាដ៏​សំខាន់មិនអាចខ្វះបានសម្រាប់ជំរុញ និងបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ច​គ្រួសារ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកប ដោយបរិយាបន្ន, ភាពធន់, និង ចីរភាព។ ការអប់រំ និងការអប់រំបណ្តុះ​បណ្តាល មិនត្រឹមតែបង្កើនធនធានមនុស្សសម្រាប់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ, ប៉ុន្តែ វិស័យទាំងនេះបង្កើតនូវឧត្តមប្រយោជន៍ជាច្រើន សម្រាប់ប្រទេសជាតិ។

លោកជំទាវ បានបញ្ជាក់ទៀតថា៖ សមណនិស្សិត និងនិស្សិតលាភីទាំង​អស់ បាន និងកំពុងធ្វើការវិនិយោគរយៈពេលវែង សម្រាប់មួយជីវិតក្នុង​ការសន្សំបាននូវជំនាញទន់ និងទ្រព្យធនមិនងាយនឹងបាត់បង់ ដោយចំណេះជំនាញទាំងនេះ និងត្រូវ​រួម​ចំណែកនៅក្នុងទីផ្សារការងារ ទាំងក្នុងប្រទេស និងសកលលោក បង្កើតឱកាសឱ្យ​និស្សិត ក្នុងការចាប់យកអាជីព ដែល​ស័ក្តិសម ឬក៏អាចមានសំណាងក្លាយ​ជាសហគ្រិនដ៏ល្បីមួយរូប ឬក៏ជាអ្នកបន្តវេនសម្រាប់ការងាររាជការ ទៅថ្ងៃអនាគត​ក៏ថាបាន។

ប៉ុន្តែទន្ទឹមនេះ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ដល់​និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ទាំងអស់ត្រូវ​មានក្រមសីលធម៌ ឥរិយាបថថ្លៃថ្នូរ គោរពផ្តល់តម្លៃដល់អ្នកជិតខាង ក៏ដូចគោរពច្បាប់ និង បទបញ្ញតិនានារបស់​សាកលវិទ្យាល័យ ព្រមទាំងមានការការចូលរួម​សកម្មភាពស្ម័គ្រចិត្តក្នុងសង្គម សកម្មភាពមនុស្សធម៌ សប្បុរសធម៌ ជាមួយសមាគមសិស្សនិស្សិតអាហារូបករណ៍ អ.ម.ត មានដូចជា ការចូលរួមសិក្ខាសាលា, ទស្សនកិច្ចសិក្សា, វគ្គបណ្តុះ​បណ្តាលខ្លីៗ, សកម្មភាពសង្គម និងសកម្មភាពស្ម័គ្រចិត្តជាច្រើនទៀត ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner