អនុប្រធានទី២នៃរដ្ឋសភា ៖ការបង្ខិតមន្ទីរពេទ្យឱ្យកាន់តែកៀកខិតជិតនឹងប្រជាពលរដ្ឋ គឺជាការយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូន
ត្បូងឃ្មុំ ៖នៅខេត្តត្បូងឃ្មុំ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសគឺផ្នែកសុខភាពដោយធ្វើការបង្ខិត មន្ទីរពេទ្យឱ្យកាន់តែ កៀកខិតជិតនឹងប្រជាពលរដ្ឋ ក្នុងការធ្វើឱ្យសម្រេចបាននូវគោលនយោបាយគ្រប់ដណ្តប់សុខភាពជាសាកលដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
នៅចុងសប្ដាហ៍នេះឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញពិនិត្យនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រុចឆ្មារ ខេត្តត្បូងឃ្មុំ ។នៅទីនោះ ឯកឧត្តម វង សូតបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ជាមួយនឹងការលើកឡើងពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមអនុប្រធានរដ្ឋសភាក៏បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់នៅសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឱ្យឆាប់រហ័ស និងមានប្រសិទ្ធភាពឱ្យស្របតាមពាក្យស្លោករបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា “គ្រូពេទ្យគឺជាទេវតាជួយសង្គ្រោះជីវិតមនុស្ស”៕
ដោយ៖ហេង សម្បត្តិ
រូបភាព៖ថេត វិចិត្រ










