លោក Zelensky ថាមិនសុំទោស Trump
បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោក Zelensky បានបដិសេធ មិនសុំទោសចំពោះជម្លោះពាក្យសម្តី ជាមួយ លោក Donald Trump នោះឡើយ នេះបើតាមខ្លឹមសារនៃកិច្ចសម្ភាសន៍ ររវាងលោក និង ទីភ្នាក់ងារព័ត៌មាន Fox News។
អ្នកសម្របសម្រួល Brett Baier របស់ Fox News បានសួរនាំ អំពី លទ្ធភាព ចង់សុំទោសដល់ លោក Trump ក្រោយប្រកែកគ្នាខ្លាំងៗ។ លោក Zelensky បាននិយាយតបថា «ខ្ញុំគិតថា យើងត្រូវបើកចំហរ និងស្មោះត្រង់បំផុត ហើយខ្ញុំប្រាកដហើយថា យើងមិនបានធ្វើអ្វី អាក្រក់នោះទេ» ។
ការប្រឈមមុខដាក់គ្នា នៅការិយាល័យរាងពងក្រពើ បានកើតឡើង បន្ទាប់ពីលោក Trump បាននិយាយថា អ៊ុយក្រែននឹងត្រូវធ្វើ «ការសម្របសម្រួល» នៅក្នុងបទឈប់បាញ់ ជាមួយរុស្ស៊ី ដែលបានកាន់កាប់ទឹកដីអ៊ុយក្រែន មានទាំង ទីក្រុងនិងទីប្រជុំជន នៅតាមដងផ្លូវនានា។ តែ Zelensky បានឆ្លើយតប ដោយសំដៅទៅលើ លោក Putin ថា មិនគួរមាន «ការសម្របសម្រួល ជាមួយឃាតករ នៅលើទឹកដីរបស់យើងទេ»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរ៉ែ មិនត្រូវបានចុះហត្ថលេខាទេ ហើយសន្និសីទសារព័ត៌មានរួមត្រូវបានលុបចោល។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា លោក Zelensky ត្រូវបានប្រាប់ឱ្យចាកចេញ ពីសំណាក់មន្ត្រីជាន់ខ្ពស់ របស់លោក Trump៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត