មន្រ្តីទេសចរណ៍៖ ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ គឺការរៀបចំខ្លួនសម្រាប់ការងារ និងអនាគត
សៀមរាប៖នៅខេត្តសៀមរាបសិក្ខាកាមចំនួន ២០០នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៨ខែលើផ្នែកបដិសណ្ឋារកិច្ច កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបដែលអញ្ជើញជាអធិបតីក្នុងពិធីនេះបានបញ្ជាក់ថារដ្ឋបាលខេត្តផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជួយបង្កើតឱកាសការងារដល់យុវជន និងលើកកម្ពស់គុណភាពសេវាកម្មបដិសណ្ឋារកិច្ច។

ខណៈខេត្តសៀមរាបជាខេត្តគោលដៅទេសចរណ៍ចម្បងរបស់ប្រទេស លោកអភិបាលរងខេត្តសៀមរាបបង្ហាញតួលេខឆ្នាំ ២០២៤ ខេត្តសៀមរាបបានទទួលភ្ញៀវទេសចរបរទេសប្រមាណ ១,២លាននាក់ ។ចំនួនកើនឡើង ២៨ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ លោកបញ្ជាក់ថា វិស័យទេសចរណ៍កំពុងមានការងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩ ហើយការបណ្តុះបណ្តាលយុវជនឱ្យមានជំនាញ គឺជាចំណុចសំខាន់ក្នុងការរៀបចំខ្លួនសម្រាប់ការងារ និងការអភិវឌ្ឍវិស័យនេះ។

ចំណែកឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសរំលេចនូវការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ថាជាគោលដៅសំខាន់សម្រាប់ចីរភាព។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច ក្រសួងទេសចរណ៍បានចាប់ផ្តើមយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ” (One Employee, One Skill) ដោយផ្តោតទាំងលើបរិមាណ និងគុណភាព។ ជាគោលដៅគឺការរៀបចំបុគ្គលិក ១,១ លាននាក់ក្នុងវិស័យនេះឱ្យបាននៅចុងឆ្នាំ ២០២៣ និង ១,៤ លាននាក់ក្នុងឆ្នាំ ២០២៥។

រីឯលោក ហ្វ៊ីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានអះអាងថា វគ្គបណ្តុះបណ្តាលរយៈពេល៨ ខែនេះ បានផ្ដល់ដល់សិក្ខាកាមលើទ្រឹស្តីចំនួន៤ ខែនិងកម្មសិក្សា ៤ ខែនៅក្រុមហ៊ុនដៃគូ។ វគ្គនេះជួយបង្កើតឱកាសការងារដល់យុវជន និងកាត់បន្ថយការចំណាកស្រុកដោយខុសច្បាប់។ លើសពីនេះសមាគមក៏បានចាប់ផ្តើមគម្រោង អាប់ស្គៀល (UPSKILL) និង រី ស្គៀល(RESKILL) ដើម្បីបន្តអភិវឌ្ឍសមត្ថភាពសិក្ខាកាម៕
ដោយ៖ ប៊ុនរដ្ឋា
