ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះអប់រំណែនាំប្រជានេសាទកុំឱ្យប្រើប្រាស់ឧបករណ៍ល្មើសច្បាប់

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ​ទប់ស្កាត់​​ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានចុះអប់រំណែនាំប្រជានេសាទជាង ១០គ្រួសារ កំពុងរស់​នៅលើទីទួលបណ្ដោះអាសន្នដើម្បីប្រកបរបរនេសាទ ឱ្យយល់ដឹងពីផលប៉ះពាល់ធនធានមច្ឆាជាតិ ដោយការប្រើប្រាស់​ឧបករណ៍នេសាទខុសច្បាប់។

កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចពាមសែន ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជួបជាមួយប្រជាពលរដ្ឋរស់នៅក្នុងតំបន់ឡូត៍អភិរក្ស អតីតឡូត៍លេខ ២ស្ទួន ដែលជា​ប្រជាពលរដ្ឋចំណាកស្រុកមកពីទឹកដីខេត្តកំពង់ឆ្នាំង ហើយមកស្នាក់នៅបណ្ដោះអាសន្នដើម្បី​ប្រកបរបរ​នេសាទ​នៅក្នុង​រដូវប្រាំងពេលរដូវវស្សាទឹកឡើងលិចទួលពាមសែនពួកគាត់នឹងវិលត្រឡប់ទៅមូលដ្ឋានភូមិឃុំរបស់ពួកគាត់នៅខេត្តកំពង់ឆ្នាំងវិញ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កម្លាំងចម្រុះទាំងអស់ ដែលមានសមត្ថកិច្ចជំនាញជលផល និងអាជ្ញាធរដែនដី សូមមេត្តាត្រួតពិនិត្យឡើងវិញអំពីការស្នាក់នៅរបស់ប្រជាពលរដ្ឋទាំងជាង ១០គ្រួសារ នៅក្នុងតំបន់ឡូត៍អភិរក្ស ដែលត្រូវ​រក្សាពូជត្រី សម្រាប់ផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល និងសូមមេត្តាគ្រប់គ្រងពួកគាត់ឱ្យបានល្អ កុំឱ្យ​ពួកគាត់​លួចធ្វើការនេសាទដោយខុសច្បាប់ នៅក្នុងតំបន់ឡូត៍អភិរក្សពូជត្រីជាដាច់ខាត ឬឱ្យចាកចេញពីតំបន់ហាមឃាត់នេះ ដើម្បធានាបាននូវសុវត្តិភាពមច្ឆាជាតិ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner