មេបញ្ជាការកងទ័ពជើងគោកកម្ពុជា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤, ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ទទួលទិស ប្រាសាទតាមាន់ និងប្រាសាទតាក្របី ព្រមទាំងមេបញ្ជាការគ្រប់បណ្តាកងឯកភាព ឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ បានសម្តែងការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ដែលបានអញ្ជើញមកត្រួតពិនិត្យការងារ និងសាកសួរសុខទុក្ខ បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន នាឱកាសនេះ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានក្នុងរយៈពេលកន្លងមក ដែលបានខិតខំបំពេញការងារ ការពារភូមិសាស្ត្រទទួលខុសត្រូវ និងបានដាក់ចេញទិសដៅការងារយុទ្ធសាស្រ្តមួយចំនួន សម្រាប់បណ្តាកងឯកភាព ឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ ស្ថាពរ និងរឹងមាំ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងប្រតិភូក៏បានអញ្ជើញទស្សនា និងសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងឈរជើងការពារនៅបង្គោលសីម៉ាលេខ១ និងលើប្រាសាទព្រះវិហារ, ប្រាសាទតាមាន់, ប្រាសាទតាក្របី ព្រមទាំងបានមានប្រសាសន៍ណែនាំឲ្យរក្សាទំនាក់ទំនងល្អជាមួយភាគីថៃ មិនបំពានគ្នា ឯរឿងព្រំដែនគឺទុកអោយគណកម្មការព្រំដែនវាងប្រទេសទាំងពីរជាអ្នកដោះស្រាយ ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner