មន្រ្តីជាន់ខ្ពស់ ៖ ការប្រឡងថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងវិស័យសុខាភិបាល ត្រូវបានសម្រិតសម្រាំងដើម្បីពង្រឹងធនធានមនុស្សលើវិស័យសុខាភិបាល

(ភ្នំពេញ)៖ ការប្រឡងថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាម គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា ២០២៤-២០២៥ ត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ ដោយមានការសម្រិតសម្រាំងដើម្បីជ្រើសរើស សិស្ស-និស្សិត ពូកែមាន សមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាលដែលជាវិស័យសំខាន់មួយ សម្រាប់ធនធានធមនុស្សនៅកម្ពុជា។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានបញ្ជាក់ថា ៖ វិញ្ញាសា ប្រឡងត្រូវបានរៀបចំយ៉ាងសម្ងាត់ ដែលគ្មាននរណាម្នាក់បានដឹងមុនទេ ក្រៅអំពីអ្នកចេញវិញ្ញាសា ចំនួន២ទៅ៣នាក់ ប៉ុណ្ណោះ។

ឯកឧត្តម បន្តថា ឆ្នាំនេះគណៈកម្មធិការប្រឡងបានធ្វើទំនើបកម្មមួយគឺការប្រឡងបានទទួលពាក្យបេក្ខជនតាមរយៈអនឡាញ ដែលនេះគឺជាការកាត់បន្ថយនីតិវិធី និងពេលវេលាដល់ សិស្ស-និស្សិតមកប្រឡងដោយមិនបាច់ចំណាយពេលច្រើនពិសេសតាមបណ្តាខេត្តមិនចាំបាច់ធ្វើដំណើរឆ្ងាយមកទិញពាក្យនោះឡើយ ពោលគឺខេត្តឆ្ងាយៗដូចជា រតនគិរី មណ្ឌលគិរី ឬបណ្តាខេត្តដទៃទៀតក៏អាចចូលរួមប្រឡងបានដូចគ្នាដែរ។

ឯកឧត្តម សុខ ផេង បានលើកឡើងដោយបញ្ជាក់ដែរថា៖ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥ មានបេក្ខជនចំនួន ១០ ៥៦៩នាក់ បានដាក់ពាក្យចូលរួមប្រឡង ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់ បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឱ្យបេក្ខជនចំនួន ១០ ៥២៨នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន។ ចំណែកគណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន ១ ៧៥០នាក់ ត្រូវបានចាត់តាំងឡើង ដែលមានសមាស ភាព ថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះ បណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន ដើម្បីគ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និង ប្រកាសលទ្ធផល។ ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ឯកឧត្តម បញ្ជាក់ផងថា ការប្រឡងនេះគឺធ្វើឡើងដោយសម្រិតសម្រាំងរកបេក្ខជនមានសមត្ថភាពពិតប្រាកដក្រោមរូបភាពអ្នកចេះគឺជាប់ ឯអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្ត ដោយធ្វើយ៉ាងណាយើងសម្រិតសម្រាំងរកវេជ្ជបណ្ឌិតមានសមត្ថភាពខ្ពស់ សម្រាប់បម្រើលើវិស័យសុខាភិបាលនាថ្ងៃអនាគត។

គួរបញ្ជាក់ថា ការប្រឡងនេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១ និងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសំណេរចំនួនបួនទីតាំងផ្សេងៗគ្នា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជាស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យបាក់ទូក៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ហេងសម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner