បាតុកម្មរបស់ក្រុមប្រឆាំងនៅកូរ៉េខាងត្បូងបរាជ័យ
ភ្នំពេញ៖បើទោះបីជាយកបញ្ហាកោះគុតធ្វើជានុយក៏ដោយក៏បាតុកម្មនៅកូរ៉េខាងត្បូងដែលបំផុសបំផុលដោយក្រុមប្រឆាំងជ្រុលនិយម ក៏មិនអាចប្រមូលផ្តុំមនុស្សឱ្យចូលរួមច្រើនបាននោះឡើយ។ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយលោកស្រី មូរ សុខហួរបានប្រឹង ប្រែងប្រកូកប្រកាស ប៉ុន្តែគ្មានអ្នកចូលរួមទេក្រៅពីសកម្មជនរបស់ខ្លួននោះ។
លោក សំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។
លោក អះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃជើងរចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។
បើតាមអ្នកតាមដានសង្គមរូបនេះដដែលការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេសជាការបង្កការរំខានការ បំពេញការងាររបស់ពលករ និងសិស្សនិស្សិត និងជាការធ្វើឱ្យខូចកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិនិងធ្វើឱ្យជាតិសាសន៍ដទៃ មើលងាយជាតិសាសន៍ខ្មែរ។
ដោយឡែក លោក អ៊ុន ដារ៉ា ដែលជាអ្នកតាមដានសង្គមនយោបាយនៅកម្ពុជាបានកត់សម្គាល់ពីមូលហេតុដែលក្រុមប្រឆាំងបរាជ័យ ជាបន្តបន្ទាប់លើការប្រមូលពលរដ្ឋធ្វើបាតុកម្ម គឺដោយសារពលរដ្ឋនៅកូរ៉េអស់ជំនឿព្រោះតែជាបាតុកម្មដែលប្រមូលលុយ និងគ្រាន់តែជាបាតុកម្មជំនួញនយោបាយដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិពិតប្រាកដ។
លោកបញ្ជាក់ថា៖ “ក្រុមប្រឆាំងតែងតែធ្វើបាតុកម្មដើម្បីតែប្រមូលលុយដើម្បីតែប្រយោជន៍ខ្លួន ហើយពលរដ្ឋក៏គេលែងជឿទៀតដែរ ព្រោះមិនដែលឃើញបានស្អីផង”។
លោកបានកត់សម្គាល់ថាប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសបានបន្តភាពជឿជាក់មកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ និងសម្តេចធិបតីទាំងការការពារបូរណភាពទឹកដីជាមួយប្រទេសជិតខាង និងការអភិវឌ្ឍរបស់កម្ពុជា។
ទន្ទឹមនឹងនេះ លោក សំ សឿន អ្នកតាមដានសង្គមនយោបាយបានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់ទិសទីនិងនៅទឹកដីកូរ៉េខាងត្បូងសូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដើម្បីអធិបតេយ្យភាពជាតិ និងការអភិវឌ្ឍ៕
ដោយ៖ង៉ាន់ ទិត្យ
