លោក Trump បញ្ជាមន្រ្តីគិតគូរការដាក់ពន្ធឈើដែលនាំចូលសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ បានបញ្ជាឱ្យមន្រ្តីក្រោមឱវាទស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ ក្នុងគោលបំណងប្រមូលពន្ធថែមទៀតលើឈើដែលនាំចូលសហរដ្ឋអាមេរិក បន្ថែមពីលើពន្ធដែលមានស្រាប់របស់ប្រទេសកាណាដា និងពន្ធ ២៥% លើទំនិញទាំងអស់របស់កាណាដា និងម៉ិកស៊ិក ដែលនឹងដល់នាសប្តាហ៍ក្រោយ។
នៅក្នុងការស៊ើបអង្កេតពន្ធថ្មីជាលើកទី ៣ ក្នុងមួយសប្តាហ៍របស់ខ្លួន លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ផ្តួចផ្តើមការស៊ើបអង្កេតសន្តិសុខជាតិលើឈើនាំចូលសហរដ្ឋអាមេរិកស្ថិតក្រោមមាត្រាទី ២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ ១៩៦២។
ច្បាប់ពាណិជ្ជកម្ម គឺជាច្បាប់មួយដែលលោក ត្រាំ ធ្លាប់ប្រើដើម្បីដាក់ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមសកល។ ហើយការស៊ើបអង្កេតពន្ធថ្មីនេះ ត្រូវបានរំពឹងថា នឹងគ្របដណ្តប់លើផលិតផលមួយចំនួនធ្វើពីឈើ ដែលអាចរួមបញ្ចូលទាំងគ្រឿងសង្ហារឹម។ បទបញ្ជានេះចែងថា ការស៊ើបអង្កេតរបស់នាយកដ្ឋានពាណិជ្ជកម្ម ត្រូវតែបញ្ចប់ក្នុងរយៈពេល ២៧០ថ្ងៃបន្ទាប់ពីការចុះហត្ថលេខា។
បើតាមទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន លោក Peter Navarro ការស៊ើបអង្កេតលើការនាំចូលឈើ នឹងជួយប្រយុទ្ធប្រឆាំងនូវសកម្មភាពរបស់អ្នកនាំចេញឈើធំៗ រួមមានកាណាដា អាល្លឺម៉ង់ និងប្រេស៊ីល ដែលគាត់បាននិយាយថា កំពុងបោះចោលឈើចូលទៅក្នុងទីផ្សាររបស់យើង ដោយចំណាយលើវិបុលភាពសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់យើង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
