អឺរ៉ុបប្រកាសជួយអ៊ុយក្រែនខ្លាំងជាងពេលណាទាំងអស់ តែថាមិនអាចខ្វះអាមេរិក
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer បានប្រាប់ថា ក្នុងពេលនេះ អឺរ៉ុបរួបរួមគ្នា គាំទ្រអ៊ុយក្រែន ខ្លាំងជាងពេលណាទាំងអស់ ក៏ប៉ុន្តែ អះអាងថា សហរដ្ឋអាមេរិក ត្រូវមានវត្តមានចូលរួម មិនអាចខ្វះបាន ក្នុងការស្វែងរកសន្តិភាព នេះបើតាមទីភ្នាក់ងារសារព័ត៌មាន BBC។
ការលើកឡើងនេះ បានធ្វើឡើង ក្នុងពេលដែល អង់គ្លេស, បារាំង និងបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀត បានជួបប្រជុំគ្នាជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky ក្រោយពេលមួយថ្ងៃ កើតមានជម្លោះពាក្យសម្តីធ្ងន់ៗ រវាងលោក Trump និង លោក Zelensky។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា «យើងស្ថិតនៅចំណុចជាប្រវត្តិសាស្ត្រ ដោយទីក្រុង Kyiv ទទួលបានការគាំទ្រ យ៉ាងខ្លាំងជាងពេលណាទាំងអស់ ហើយ ការជួបជុំនេះ បានបង្ហាញឱ្យឃើញពីការរួបរួមរបស់អឺរ៉ុប នៅកម្រិតខ្ពស់បំផុត ដែលមិនបានឃើញ ជាយូរមកហើយ»។ លោកបន្តថា មេដឹកនាំកំពូលរបស់អឺរ៉ុប ១៨ប្រទេស នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងអ្វីដែលលោកហៅថា «សម្ព័ន្ធនៃឆន្ទៈ» ប៉ុន្តែ លោកអះអាងថា នៅតែស្វែងរកការចូលរួម របស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រ។
មិនខុសពីជំហរ នៅតែត្រូវការរដ្ឋបាលក្រុងវ៉ាងស៊ីងតោនដែរនោះ លោក Zelensky បាននិយាយដែរថា «យើងទាំងអស់គ្នាកំពុងធ្វើការរួមគ្នា នៅអឺរ៉ុប ដើម្បីស្វែងរកមូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាមេរិក ដើម្បីសន្តិភាពពិតប្រាកដ និងសន្តិសុខដែលធានាបាន»។
លោក ថែមទាំងអះអាងថា បន្តរក្សាជំហរកិច្ចព្រមព្រៀងរ៉ែ ជាមួយសហរដ្ឋអាមេរិក ដោយប្រកាសថា អាចនឹងត្រលប់ ទៅសេតវិមាន ជាថ្មីម្តងទៀត ដើម្បីស៊ីញ៉េលើលិខិតប្រគល់រ៉ែ ទៀតផង៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត